(តូក្យូ)៖ ក្រុមហ៊ុន Nissan បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនៅប្រទេសជប៉ុននៅឆ្នាំ២០២៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមហ៊ុន Nissan នឹងចាប់ផ្តើមសាកល្បងសេវាកម្មជាលក្ខណៈពាណិជ្ជកម្មក្នុងឆ្នាំហិរញ្ញវត្ថុដែលនឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧ ដោយប្រើប្រាស់រថយន្តខ្នាតតូចនៅក្នុងតំបន់មួយនៃទីក្រុង Yokohama ស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ។

ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «សហគមន៍ក្នុងតំបន់បាននិងកំពុងប្រឈមនឹងបញ្ហាធ្វើដំណើរជាច្រើន ដូចជាកង្វះអ្នកបើកបរ ដែលជាលទ្ធផលនៃការកើនឡើងចំនួនប្រជាជនវ័យចំណាស់»

ក្រុមហ៊ុនផលិតរថយន្តមួយនេះមានគម្រោងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករដឹកជញ្ជូនលើការបណ្តាក់ទុនដើម្បី «ផ្តល់សេវាកម្មថ្មីយ៉ាងទូលំទូលាយដែលអនុញ្ញាតឱ្យមានចលនាធ្វើដំណើរដោយសេរី»

ប្រទេសជប៉ុនស្ថិតនៅក្រោយប្រទេសផ្សេងទៀតទាក់ទងនឹងយានយន្តស្វ័យបើកបរនៅលើដងផ្លូវ ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសនេះបានកំណត់ការបង្កើនល្បឿនបច្ចេកវិទ្យាជាអាទិភាពសំខាន់មួយ ដោយសារកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម និងប្រជាជនវ័យ ចំណាស់ដែលត្រូវការសេវាដឹកជញ្ជូន៕