(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី «ស្តង់ដារនិរន្តរភាពស្រូវនៅកម្ពុជា (SRP)» នាថ្ងៃយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាកម្មវិធីដ៏សំខាន់មួយ ក្នុងការជំរុញផលិតកម្មស្រូវឱ្យកាន់តែមានស្តង់ដារ មាននិរន្តភាព និងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានតាមផែនការដែលបានកំណត់ ១លានតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៥។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកសាខាកម្ពុជា គឺជាប្រទេសទី០១ នៅក្នុងតំបន់អាស៊ាន ដែលចាប់ផ្តើមបង្កើតក្របខ័ណ្ឌ អនុវត្តតាមប្រទេសនីមួយៗ ដោយអនុលោមតាមគោលការណ៍គ្រឹះនៃកម្មវិធី ដំណាំស្រូវនិរន្តរភាពពិភពលោក។

លោកបន្តថា កម្មវិធីនេះពិតជាមានសារៈសំខាន់ សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ជាពិសេសគឺផ្តោតលើការជួយពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវអង្ករ ដើម្បីលើកកម្ពស់កម្រិតជីវភាពនិងសេដ្ឋកិច្ចរបស់កសិករ សន្តិសុខស្បៀងក្នុងប្រទេស និង ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឡើងថា កម្មវិធីដំណំាស្រូវនិរន្តរភាពនៅកម្ពុជា និងកម្មវិធីទិញលក់ស្រូវតាមទូរសព្ទដៃ មានសារៈសំខាន់ណាស់ សំរាប់ជួយផ្នែកទន់ដល់កសិករលើបទដ្ឋានឆ្លើយតប និងបម្រែបម្រួលអាកាសធាតុ។

ថ្លែងនាឱកាសនោះដែរ លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធាន កម្មវិធីនិរន្តរភាពស្រូវនៅកម្ពុជា មានប្រសាសន៍ថា ការលេចរូបរាងឡើងនូវសាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា គឺកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នាបីភាគីគឺ រដ្ឋាភិបាល( អគ្គនាយកដ្ឋានកសិកម្ម) វិស័យឯកជន(សហព័ន្ធស្រូវអង្ករកម្ពុជា)និង អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ដែលមាន ដូចជា អង្គការ Wildlife Conservation Society (WCS),អង្គការ Swisscontact, និងអង្គការ CIRAD ។ល។ ដែលបានចូលរួមបង្កើតឱ្យកម្មវិធីនេះចេញរូបរាងឡើង និងបច្ចុប្បន្ន កម្មវិធី Feed the Future Cambodia Harvest III បានកំពុងជួយដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញលើការងារទីផ្សារអង្ករដែលស្ថិតនៅក្នុងស្តង់ដា SRP នេះ។

លោកបន្ថែមថា ការបង្កើត សាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា ដែលលេខាធិការដ្ឋានសម្របសម្រួលដោយសហព័ន្ធស្រូវអង្ករកម្ពុជានឹងជួយដល់វិស័យដំណាំស្រូវឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត ហើយក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងបរិបទថ្មីនៃការប្រែប្រួលអាកាសធាតុ នៅលើពិភពលោកក៏ដូចជានៅកម្ពុជាផងដែរ។

លោកមានប្រសាសន៍បន្តថា «ខ្ញុំនៅចាំបានថា កម្មវិធីដំណាំស្រូវនិរន្តរភាពបានចូលមកប្រទេសកម្ពុជាមុនដំបូង នៅឆ្នាំ២០១៥ ដែលអនុវត្តន៍ដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវិស័យឯកជនមួយចំនួន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិមួយចំនួន ដែលមានប្រតិបត្តិការលើស្តង់ដា តាមគោលការណ៍របស់កម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោក។ កម្មវិធីដំណាំស្រូវនិរន្តរភាពនេះដែរ ក៏ស្របគ្នាជាមួយគោលនយោបាយជំរុញផលិតកម្មស្រូវ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការជំរុញផលិតកម្មស្រូវ តាមរយៈបណ្តាញពូជសុទ្ធ និងគុណភាពអង្ករសម្រាប់ការនាំចេញផងដែរ»

លោកបន្តថា អស់រយៈកាលជិត១០ឆ្នាំ នៃការរៀបចំនូវកម្មវិធីដំណាំស្រូវនិរន្តរភាព ដែលកម្មវិធីនេះបានបន្តរីកចម្រើនជាបន្តបន្ទាប់ រហូតដល់មានការឯកភាពលើការរៀបចំ និងធ្វើជាម្ចាស់ការក្នុងការជំរុញកម្មវិធីនេះឱ្យកាន់ប្រសើរឡើង ដោយរៀបចំឱ្យមានសាខាកម្មវិធីដំណាំស្រូវនិរន្តរភាពពិភពលោកនៅកម្ពុជា ដែលមានសហប្រធានអគ្គនាយកដ្ឋានកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា៕