(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ (Paddy App) គឺជាគន្លឹះមួយនៃការដោះស្រាយបញ្ហាតម្លៃ និងទីផ្សារស្រូវជូនដល់ប្រជាកសិករនៅកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការ និងដាក់ឱ្យដំណើរការនូវកម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវតាមប្រព័ន្ធឌីជីថល។

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីទិញលក់ស្រូវតាមទូរស័ព្ទដៃ ពិតជាមានសារៈសំខាន់សម្រាប់វិស័យកសិកម្ម ជាពិសេសគឺកសិករ ដោយសារ App នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្គូផ្គង ឬជាកន្លែងជួបគ្នារវាងកសិករ និងម្ចាស់រោងម៉ាស៊ីនទិញស្រូវ។

លោកបន្តថា App នេះ នឹងផ្តោតសំខាន់ទៅលើការទិញលក់តែស្រូវ និងអង្ករតែប៉ុណ្ណោះ ហើយតាមរយៈ App នេះ នឹងធ្វើបច្ចុប្បន្នភាពនូវតម្លៃស្រូវជានិច្ច ដែលនឹងផ្តល់ភាពងាយស្រួលអ្នកដែលស្វែងរកទិញស្រូវពីកសិករ។

លោកបន្ថែមថា ស្របពេលកសិករនៅមានកម្រិតលើការប្រើប្រាស់បច្ចេកវិទ្យា សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការជាមួយក្រសួងកសិកម្ម ដើម្បីឱ្យនិស្សិតស្ម័គ្រចិត្ត និងនិស្សិតដែលបានប្រឡងជាប់ជាមន្រ្តីកសិកម្មបម្រើការងារនៅតាមឃុំនីមួយៗ ចូលរួមក្នុងការជួយដល់កសិករឱ្យចេះប្រើប្រាស់ App នេះឱ្យកាន់តែច្បាស់។

លោក មាជ សារូ ប្រធានសហគមន៍អភិវឌ្ឍន៍ស្រុកយើង មកពីខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការបង្កើត App ដើម្បីឱ្យកសិករអាចដាក់លក់ផលិតផលបាន គឺជាពិតជាមានសារៈសំខាន់ណាស់ ព្រោះបច្ចុប្បន្ននេះ គឺជាសម័យឌីជីថល ដែលគួរតែមានការជំរុញការលក់ផលិតផលតាមប្រព័ន្ធ អេឡិចត្រូនិច។ លោកថា ប្រសិនបើដាក់លក់តែតាមទីផ្សារតែមួយ នឹងលក់មិនទាន់គេនោះទេ៕