(ម៉ូស្គូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្នុងសុន្ទរកថាដែលបានចេញផ្សាយ នៅថ្ងៃចន្ទសប្តាហ៍នេះថា ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីបាន និងកំពុងពិភាក្សាជាមួយសមភាគីចិន អំពីលទ្ធភាពនៃការខ្ចីប្រាក់ ជាប្រាក់យន់ពីប្រទេស ប៉ុន្តែមិនទាន់មានការសម្រេចចិត្តនៅឡើយទេ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា លោក Siluanov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA ថា «ការចរចាជាមួយដៃគូចិន បានដំណើរការជាយូរណាស់មកហើយ។ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្ដីសម្រេចចិត្ត នៅឡើយទេ»។
លោកបានបន្ថែមថា «យើងបានពិភាក្សាអំពីប្រធានបទនេះ កាលពីចុងឆ្នាំមុនក្នុងកិច្ចសន្ទនាអន្តរក្រសួង»

លោក Siluanov បានថ្លែងទៀតថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមសាកល្បងការទូទាត់ជារូបិយប័ណ្ណឌីជីថល ជាមួយប្រទេសចិន ឬបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ហើយនឹងផ្សព្វផ្សាយគំនិតនេះ ជាមួយដៃគូរបស់ខ្លួន។

លោកបានបញ្ជាក់ជំហររបស់រុស្ស៊ីថា រាល់វិធានការណាមួយ ដែលធ្វើលើទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅបរទេសនឹងទទួលបានការឆ្លើយតប ដូចគ្នាវិញនៅក្នុងទីក្រុងម៉ូស្គូ។

សហភាពអឺរ៉ុប និងក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីរ (G-7) បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ី តម្លៃប្រហែល ៣០០ពាន់លានអឺរ៉ូ (៣២៣ពាន់លានដុល្លារ) បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ សហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានពិភាក្សាគ្នាថា តើមូលនិធិទាំងនេះអាចប្រើប្រាស់បានយ៉ាងដូចម្តេច ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។

លោក Siluanov បាននិយាយថា «យើងនឹងធ្វើតាមសេចក្តីសម្រេចចិត្ត របស់បណ្តាប្រទេសលោកខាងលិច៖ យើងបានបង្កកទ្រព្យមិនតិច (ជាងពួកគេបានធ្វើទេ)»