(ភ្នំពេញ)៖ បច្ចុប្បន្នរថយន្ត KIA របស់កូរ៉េ ត្រូវបានដំឡើងនៅរោងចក្រក្នុងប្រទេសកម្ពុជា ចំពោះការដំឡើងនៅកម្ពុជានេះ នៅតែរក្សាបាននូវគុណភាពខ្ពស់ ដូចរយន្ដនាំចូលពីកូរ៉េ អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្ដដំឡើងនៅក្នុងស្រុក មានតម្លៃទាបជាងរថយន្ដនាំចូលប្រមាណ ២០ភាគរយ។ នេះបើតាមលោក ហ៊ី រ៉ាមី ថ្នាក់ដឹកនាំក្រុមហ៊ុន HGB Group បានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអង្គភាពព័ត៌មាន Fresh News។

លោក ហ៊ី រ៉ាមី បានថ្លែងថា ក្រុមហ៊ុន HGB Group បានទទួលគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងឆ្នាំ២០២១។ ក្រុមហ៊ុន HGB Group បាននាំចូលគ្រឿងបំណែករថយន្ដប្រមាណជា ៤០០បំណែក ដាក់តាមរោងចក្រ និងធ្វើការដំឡើងតាមខ្សែច្រវាក់ផលិតកម្ម។

លោក ហ៊ី រ៉ាមី បានបញ្ជាក់ថា ចំពោះការរៀបចំខ្សែច្រវាក់ផលិតកម្ម គឺទទួលបានការធ្វើដោយម៉ត់ចត់ ពីខាងស្ថាប័នដែលផ្ដល់ ISO និងជាស្ថាប័នជាម្ចាស់ផលិតផ្ទាល់រថយន្ដ KIA ដោយបានចុះធ្វើផ្ទាល់ដល់ទីតាំង និងការធ្វើតាមប្រព័ន្ធ Online ដើម្បីតាមដានខ្សែចង្វាក់របស់ក្រុមហ៊ុន HGB Group។

លោកបានបន្ថែមថា «ចំពោះការដំឡើងរថយន្ដនៅកម្ពុជា គឺមានគុណភាព ១០០ភាគរយដូច រថយន្ដមូលនាំចូលពីប្រទេសកូរ៉េ អីចឹង។ សម្រាប់បុគ្គលិកដំឡើងរថយន្ដ គឺប្រើប្រាស់ធនធានប្រជាពលរដ្ឋខ្មែរ រហូតដល់៩៩ភាគរយ ក្នុងនោះមានតែមួយរូបប៉ុណ្ណោះ ជាជនជាតិបរទេស និងជាប្រធានរោងចក្រ ដែលមានបទពិសោធន៍ប្រមាណ ៤០ឆ្នាំមកហើយ»។

លោកបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុន សម្រេចបើករោងចក្រដំឡើងរថយន្ដក្នុងស្រុក ដោយសារតែមើលឃើញថា បានផ្ដល់អត្ថប្រយោជន៍ ដល់អ្នកប្រើប្រាស់ចុងក្រោយ ក្នុងនោះរឿងចម្បងបំផុតគឺតម្លៃ។ ឧទាហរណ៍ថា ប្រសិនបើនាំរថយន្ដមូលមួយគ្រឿងមកកម្ពុជា មានតម្លៃជាង ៧ម៉ឺនដុល្លារ ប៉ុន្ដែបើដំឡើងក្នុងស្រុក អាចនឹងទម្លាក់តម្លៃប្រមាណ ២ម៉ឺនដុល្លារ ដូច្នេះបន្ទាប់ពីដំឡើងរួចនឹងមានតម្លៃប្រមាណ ៦ម៉ឺនដុល្លារប៉ុណ្ណោះ នេះជាការចំណែញមួយផ្នែក នៃការដំឡើងរថយន្ដក្នុងស្រុក។

លោកបានបន្ដថា ការថយចុះតម្លៃរថយន្ដដែលបានដំឡើងក្នុងស្រុកនេះ ដោយសារក្រុមហ៊ុនបានទទួលបានការអនុគ្រោះ ពីរាជរដ្ឋាភិបាលកម្ពុជា និងការលើកទឹកចិត្ត ៥០ភាគរយលើពន្ធការនាំចូល ដូច្នេះការទិញរថយន្ដដំឡើងក្នុងស្រុក នឹងចំណេញប្រមាណ ២០ភាគរយ។

លោកបានបន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុន HGB Group មានដំឡើងរថយន្ដប្រភេទ KIA របស់កូរ៉េ ប៉ុន្ដែនៅថ្ងៃខាងមុខរោងចក្រមិនមែនតម្លើងតែរថយន្ដ KIA មួយមុខប៉ុណ្ណោះទេ គឺត្រូវដំឡើងរថយន្ដ ជាច្រើនប្រភេទទៀត ដែលស្ថិតក្រោមការទទួលសិទ្ធិចែកចាយរបស់ក្រុមហ៊ុន HGB។ សម្រាប់ការដំឡើងរថយន្ដ KIA របស់កូរ៉េនេះ គឺមានការដំឡើងគ្រប់ប្រភេទទាំងអស់ ទាំងថយន្ដតូច រហូតដល់រថយន្ដធំ។

លោកបានបន្ដថា ចាប់ពីអំឡុងពេលបើកក្រុមហ៊ុនក្នុងខែកញ្ញា ឆ្នាំ២០២៣មក ក្រុមហ៊ុនបានដំឡើង និងលក់រថយន្ដបានប្រមាណ១០០-២០០គ្រឿង និងផ្គត់ផ្គង់ជូនអតិថិជនក្នុងស្រុក។ តាមផែនការជាបន្ដបន្ទាប់ ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុននឹងបន្ដដំឡើងរថយន្ដច្រើនជាងមុន ហើយអតិថិជនគោលដៅ គឺអតិថិជនក្នុងស្រុកដដែល៕