(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងពិភាក្សាគ្នាអំពីវិធានការថ្មីៗ ដើម្បីទប់ស្កាត់រលកបរាជ័យសងបំណុលរដ្ឋាភិបាល នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាការប៉ុនប៉ងដ៏សំខាន់បំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងមហាអំណាចទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភព ដែលបានដឹងការពិភាក្សានេះថា កិច្ចពិភាក្សាអំពីវិធានការនានា រួមទាំងការបង្កើនរយៈពេលកម្ចីមុនពេលប្រទេសនានាបរាជ័យទូទាត់បំណុល ត្រូវបានធ្វើឡើងក្នុងគោលបំណងបន្ធូរបន្ថយបន្ទុកសេវាបំណុលប្រចាំឆ្នាំដែលមានចំនួន ៤០០ពាន់លានដុល្លារសម្រាប់ប្រទេសក្រីក្រ និងការស្វែងរកជម្រើសជំនួសអត្រាប្រាក់កម្ចីខ្ពស់ ដែលប្រទេសទាំងនោះកំពុងប្រឈមនៅក្នុងទីផ្សារ។

ក្រៅពីការពន្យារពេលសង គំនិតផ្សេងទៀតដែលកំពុងត្រូវបានពិភាក្សារួម មានការបង្កើនហិរញ្ញប្បទានពីធនាគារពិភពលោក និងធនាគារពហុភាគីផ្សេងទៀត។ ចំណុចសំខាន់មួយ គឺត្រូវដាក់ចេញវិធានការទាំងនោះមុនពេលប្រទេសនានា បរាជ័យសងបំណុល និងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សារៀបចំបំណុលឡើងវិញ ជាផ្លូវការជាមួយម្ចាស់បំណុល។

រាល់សំណើរួមណាមួយ ស្តីពីបញ្ហាបំណុលរដ្ឋាភិបាលសកលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដែលកើតចេញពីការពិភាក្សារនេះ ទំនងជាត្រូវការការគាំទ្រពីក្រុមប្រទេស G-20 មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលភាគីទាំងអស់នេះព្យាយាមដោះស្រាយបញ្ហាបំណុលសកល ចាប់តាំងពីពេលកើតមានជំងឺរាតត្បាតមក។

ហើយនៅទីបំផុត សំណើនេះក៏នឹងតម្រូវឱ្យមានការចូលរួមយ៉ាងទូលំទូលាយ ពីម្ចាស់បំណុលឯកជន ដែលមានចំណែកមួយភាគធំនៃការផ្តល់ប្រាក់កម្ចីរដ្ឋាភិបាល របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយរំពឹងថានឹងមានការសំឡេងខ្លាំងជាងនៅតុចរចា។

ប្រភពពីរដែលបានដឹងពីកិច្ចពិភាក្សានេះបានប្រាប់ Bloomberg ដោយសុំមិនបញ្ចេញឈ្មោះដោយសារជាកិច្ចពិភាក្សាឯកជនថា គោលដៅមួយនៃកិច្ចពិភាក្សានេះគឺនាំយកសំណើមួយទៅកាន់មេដឹកនាំរបស់ក្រុមប្រទេស G-20 នៅពេលពួកគេជួបប្រជុំនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកាឆ្នាំនេះ។ មនុស្សម្នាក់ទៀតក្នុងចំណោមប្រភពទាំងពីរបានប្រាប់ថែមទៀតថា ការចរចានៅស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ ហើយវាមិនច្បាស់លាស់ទេថាតើពួកគេនឹងមានលទ្ធភាពសម្រេចបានអ្វីមួយជាក់លាក់ឬអត់។

ក្រសួងរតនាគារបានបដិសេធមិនបញ្ជាក់ពីភាពជាក់លាក់នៃការពិភាក្សាដោយនិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «យើងជជែកជាញឹកញាប់ជាមួយប្រទេសចិនទាក់ទងនឹងការព្រួយបារម្ភអំពីបំណុលរដ្ឋាភិបាល។ ហើយយើងនិយាយទៅកាន់ប្រទេសជាច្រើនអំពីរបៀបធ្វើឱ្យប្រាកដថា ក្របខ័ណ្ឌហិរញ្ញវត្ថុអន្តរជាតិកំពុងឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទានរបស់ប្រទេសដែលមានចំណូលទាប»។

អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា ប្រទេសរបស់លោកស្រី «បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍»។ អ្នកស្រីបានបន្ថែមកាលពីថ្ងៃសុក្រក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិកនិងចិនពិភាក្សាអំពីប្រធានបទនេះ «តាមរយៈពហុភាគី និងបណ្តាញទ្វេភាគី»។

ធនាគារពិភពលោកបានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍បានចំណាយខ្ពស់បំផុតមិនធ្លាប់មានចំនួន ៤៤៣ពាន់លានដុល្លារលើការទូទាត់សេវាបំណុលក្នុងឆ្នាំ២០២២ ដោយបានព្រមានអំពីហានិភ័យដែលនាំឱ្យប្រទេសទាំងនោះធ្លាក់ចូលទៅក្នុងវិបត្តិ និងបង្កើតភាពជាប់គាំងផ្នែកសេដ្ឋកិច្ចរយៈពេលមួយទស្សវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕