(ញូវដែលី)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាម បានស្នើឱ្យប្រទេសឥណ្ឌា កាត់បន្ថយពន្ធនាំចូលលើរថយន្តរបស់ខ្លួន រយៈពេល ២ឆ្នាំ ដើម្បីឱ្យអតិថិជនស្គាល់ផលិតផលរបស់ខ្លួន ខណៈដែលរោងចក្រផលិតក្នុងស្រុកកំពុងដំណើរការ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Pham Sanh Chau នាយកប្រតិបត្តិក្រុមហ៊ុន VinFast ប្រចាំប្រទេសឥណ្ឌា បានប្រាប់រ៉យទ័រកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន VinFast បានចាប់ផ្តើមសាងសង់រោងចក្រនៅរដ្ឋតាមិលណាឌូ (Tamil Nadu) នៅភាគខាងត្បូងប្រទេសឥណ្ឌា ហើយសង្ឃឹមថានឹងចាប់ផ្តើមផលិតកម្ម នៅពាក់កណ្តាលឆ្នាំក្រោយ សម្រាប់លក់នៅទីផ្សារក្នុងស្រុកមុនពេលនាំចេញ ទៅក្រៅប្រទេស។

ក្រុមហ៊ុន VinFast និងរដ្ឋណាមិលណាឌូ បានពិភាក្សាគ្នាកាលពីខែមុនថា ពួកគេបានយល់ព្រមធ្វើការឆ្ពោះ ទៅរកការបណ្តាក់ទុនរហូតដល់ ២ពាន់លានដុល្លារ ដោយនៅដំណាក់កាលដំបូងនឹងវិនិយោគទឹកប្រាក់ចំនួន ៥០០លានដុល្លារជាមុនសិនសម្រាប់រយៈពេល ៥ឆ្នាំដំបូងនៃគម្រោង។

ដូចទៅនឹងក្រុមហ៊ុន Tesla ដែរ ក្រុមហ៊ុន VinFast ក៏បានស្នើសុំឥណ្ឌាឱ្យកាត់បន្ថយពន្ធនាំចូលសម្រាប់រថយន្តអគ្គិសនីដែលនាំចូលទាំងមូល ដែលសំណើរនេះត្រូវបានជំទាស់ដោយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ ឥណ្ឌាដែលជាទីផ្សាររថយន្តធំជាងគេទី៣ ក្នុងពិភពលោកបាននិងកំពុងពិចារណាលើសំណើនេះ ប៉ុន្តែមិនបានធ្វើការសម្រេចចិត្តទេ នេះបើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បាននិយាយកាលពីខែមុន។

លោក Pham Sanh Chau បានថ្លែងនៅក្រៅពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន VinFast នៅស្រុក Thoothukudi រដ្ឋតាមិលណាឌូថា៖ «យើង...បានស្នើឱ្យកាត់បន្ថយពន្ធនាំចូល... ឧទាហរណ៍បន្ថយពន្ធ ៧០% ទៅ ៨០% ត្រឹមតែរយៈពេល ២ឆ្នាំប៉ុណ្ណោះ និងសម្រាប់រថយន្តដែលមានកំណត់ ដើម្បីឱ្យអតិថិជនបានស្គាល់ផលិតផលរបស់យើង»

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកណ្តាលកំពុងពិចារណាសំណើនេះនៅឡើយ។ ប៉ុន្តែខណៈពេលដែលរង់ចាំការសម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាលកណ្តាល យើងបន្តទៅមុខជាមួយនឹងការសាងសង់រោងចក្រផលិតរបស់យើង»