(ភ្នំពេញ)៖ លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ធនាគារពិភពលោក ស្រាវជ្រាវឃើញថា បំណុលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា មិនមានអ្វីជាបញ្ហាចោទនោះទេ នៅតែអាចខ្ចីបាន ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។

ការបញ្ជាក់ឲ្យដឹងបែបនេះធ្វើឡើងក្នុងឱកាសដែល លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោក លី សូដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ការជំពាក់របស់រដ្ឋាភិបាល ប្រហែលជា៣០ភាគរយ នៃផ.ស.ស គឺមិនខ្ពស់នោះទេ គឺអត់អីនោះទេ យើងនៅតែអាចខ្ចីគេបាន មានប្រទេសជិតខាងយើងជំពាក់ដល់១០០ភាគរយ [...] ខាងធនាគារពិភពលោកជាមួយនឹងខាង IFM (មូលនិធិរូបិយវត្ថុអន្តរជាតិ) បានធ្វើការសិក្សាជារៀងរាល់ឆ្នាំ មិនមានបំណុលវ័ណ្តករនោះទេ»

សូមជម្រាបថា ការគ្រប់គ្រងបំណុលសាធារណៈ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ នូវគោលការណ៍គន្លឹះចំនួន៥ ដូចខាងក្រោម៖

១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

សូមជម្រាបថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប ១០.២៧ពាន់លានដុល្លារ ដែលក្នុងនោះ​ជំពាក់បំណុលបរទេស ១០.២៣ពាន់លានដុល្លារ ​និងបំណុលក្នុងប្រទេស​ចំនួន ៤២.៤៥លានដុល្លារ៕

សូមទស្សនាវីដេអូរបស់លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ World Bank ប្រចាំកម្ពុជា ដែលមានខ្លឹមសារទាំងស្រុង៖