(ភ្នំពេញ)៖ លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោក​ប្រចាំកម្ពុជា លើកពីវិធីសាស្រ្ដមួយចំនួន ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ជៀសពីបញ្ហាសេដ្ឋកិច្ច ពេលមានវិបត្ដិសាកល។

ការលើកឡើងរបស់លោក លី សូដេត ធ្វើឡើងក្នុងកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤»

លោក លី សូដេត បានថ្លែងថា ហេតុអ្វីបានជាប្រទសកម្ពុជា នឹងរងឥទ្ធិពលបញ្ហាសេដ្ឋកិច្ច ពេលមានវិបត្ដិសាកល
ដោយសារតែប្រទេសកម្ពុជា ជាប្រទេសតូច សេដ្ឋកិច្ចតូច ប្រជាជនក៏មានតិច ដែលតម្រូវឲ្យមានការនាំចេញនាំចូលទំនិញពី បណ្ដាប្រទេសជិតខាង ដើម្បីដោះដូរសេដ្ឋកិច្ចគ្នាទៅវិញទៅមក។ ដូច្នេះប្រសិនបើមានបញ្ហាវិបត្ដិសាកលច្បាស់ណាស់ថា កម្ពុជាចៀសមិនផុតពីសម្ពាធពីខាងក្រៅនោះទេ។
លោកបានបញ្ជាក់ថា ប៉ុន្ដែមានប្រទេសតូចមួយចំនួន ពុំបានទទួលររងនូវឥទ្ធិពលពេលមានវិបត្តិសកលនោះឡើយ ដោយសាតែប្រទេសទាំងនោះ មានវិធីសាស្រ្ដក្នុងការកែច្នៃ នាំចេញ ឬផលិតនូវផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ ដូច្នេះដើម្បីចៀសផុតពីការរងនូវវិបត្តិសេដ្ឋកិច្ច ពេលមានវិបត្ដិសាកល កម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែម នូវការផលិតនូវផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ដូចបណ្ដាប្រទេសដទៃទៀត។

លោកបានបញ្ជាក់ថា «ជាក់ស្ដែងក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ១៩​ មានប្រទេសមួយចំនួនតូចរក្សាបាននូវ កំណើនសេដ្ឋកិច្ចបានល្អប្រសើរ ដោយសារតែប្រទេសទាំងនោះមានវិធីសាស្រ្ដ ក្នុងការនាំចេញ ឬផលិតនូវផលិតផលអ្វីមួយ ដែលមានតម្លៃបន្ថែមខ្ពស់ មានដូចជា ការផលិតទូរទូស្សន៍, កាមេរ៉ា ឬរថយន្ដជាដើម ដែលជាប្រភេទផលិតផល មានតម្លៃបន្ថែមខ្ពស់ និងមានភាពប្រកួតប្រជែង»

លោកបានបន្ដថា បច្ចុប្បន្ននេះកម្ពុជាបានដើរទៅសន្សឹមៗ ឆ្ពោះទៅរកការផលិតរបស់ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិកជាដើម តែស្ថិតក្នុងកម្រិតតិចតួចនៅឡើយ ដូច្នេះយើងបន្ដដំណើរទៅមុខជាសន្សឹមៗបន្ថែមទៀត៕