(តូក្យូ)៖ ប្រទេសជប៉ុនបានធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចដោយឥតរំពឹងទុកនៅចុងឆ្នាំមុន ដោយបានរបូតតំណែងជាមហាអំណាចសេដ្ឋកិច្ចទីបីក្នុងពិភពលោកទៅឱ្យប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមកាសែត Channel News Asia របស់សិង្ហបុរី។

កាសែត Channel News Asia បានរាយការណ៍ថា អ្នកវិភាគមួយចំនួនកំពុងព្រមានពីការធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចម្តងទៀតនៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ ដោយសារតម្រូវការខ្សោយនៅក្នុងប្រទេសចិន ការធ្លាក់ចុះការប្រើប្រាស់ និងការផ្អាកផលិតកម្មនៅអង្គភាពមួយរបស់ក្រុមហ៊ុន Toyota Motor Corp ដែលទាំងអស់នេះបង្ហាញឱ្យឃើញផ្លូវដ៏លំបាកឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោក Yoshiki Shinke សេដ្ឋវិទូប្រតិបត្តិជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life Research បាននិយាយថា៖ «អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះគឺការធ្លាក់ចុះការប្រើប្រាស់ និងការចំណាយមូលធន ដែលជាសសរស្តម្ភដ៏សំខាន់នៃតម្រូវការក្នុងស្រុក»។ លោកមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចនឹងបន្តខ្វះសន្ទុះក្នុងពេលបច្ចុប្បន្នដោយមិនមានកត្តាជំរុញសំខាន់ៗចំពោះកំណើនឡើយ»។

យោងតាមកាសែត Channel News Asia ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ ០,៤ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បន្ទាប់ពីការធ្លាក់ចុះ ៣,៣ភាគរយនៅក្នុងត្រីមាស២ ដែលផ្ទុយពីការព្យាកររបស់ទីផ្សារដែលថា សេដ្ឋកិច្ចនឹងកើនឡើង ១,៤ភាគរយ។ ការធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា ជាធម្មតាត្រូវបានចាត់ទុកថាជាការដើរថយតក្រោយនៃសេដ្ឋកិច្ច។

ទិន្នន័យបានបង្ហាញថា ផ.ស.ស នាម (ណូមីណាល់) របស់ប្រទេសជប៉ុនមានចំនួន ៤,២១ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ពោលគឺទាបជាងអាល្លឺម៉ងដែលមាន ៤,៤៦ពាន់ពាន់លានដុល្លារដែលធ្វើឱ្យអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោក ជំនួសតំណែងជប៉ុនដែលធ្លាក់ទៅកាន់លេខ៤។

លោក Brian Coulton សេដ្ឋវិទូមកពីក្រុមហ៊ុន Fitch Ratings បាននិយាយថា៖ «ការវ៉ាចំណាត់ថ្នាក់គិតជាប្រាក់ដុល្លារនេះគឺដោយសារការធ្លាក់ចុះថៃ្លខ្លាំងនៃប្រាក់យ៉េននាពេលថ្មីៗនេះ»៕