(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការរៀបចំនីតិវិធីការងារ និងការពិនិត្យលើការស្នើរបស់វិស័យឯកជន ក្នុងការទទួលបានអត្ថប្រយោជន៍ពិសេស ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។

កិច្ចប្រជុំមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខា-ធិការរង អគ្គនាយក និងមន្ត្រីជំនាញដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះក៏បានពិភាក្សាលើការត្រៀមផ្តល់សេវា និងការទទួលពាក្យស្នើរបស់វិស័យឯកជន ព្រមទាំងការបំពេញភារកិច្ចរបស់ខ្លួន ដោយបុរេសកម្ម និង សកម្ម រួមមាន ការសម្របសម្រួល, កិច្ចសហការ, ការសម្រួលបែបបទ និងនីតិវិធី, ការផ្តល់ការលើកទឹកចិត្ត, សេវាថែទាំវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ, ការផ្សព្វផ្សាយ និងការធ្វើបដិសណ្ឋារកិច្ច។

សូមជម្រាបជូនថា កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ នាក្រុងព្រះសីហនុ, សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤»។

កម្មវិធីនេះមានគោលបំណងជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចកាន់តែច្រើន និងមានសម្ទុះលឿន ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤។ តាមរយៈនេះ, ធុរជន និងវិនិយោគិន ដែលស្នើ និងអនុវត្តគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ក្នុងឆ្នាំ២០២៤, រួមមាន : (១). គម្រោងវិនិយោគ ឬ ធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោងវិនិយោគ ឬ ធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង; និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្ត នឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស», ជាអាទិ៍ ការ-សម្រួលនីតិវិធី, ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។

ជាមួយនេះ, រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួងស្ថាប័ន ស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្រុមការងារនេះមានភារកិច្ចដឹកនាំ, សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា «ច្រកចេញចូលតែមួយ» ដែលមានសិទ្ធិពិនិត្យ, សម្រេច និង ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច ដែលតាមនេះ រាល់គម្រោងវិនិយោគ និង សកម្មភាពធុរកិច្ច ដែលស្ថិតនៅក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ ត្រូវដាក់ស្នើមកក្រុមការងារនេះ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័ត។

ក្នុងន័យនេះ, សូមធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើអញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១២ ៩០២ ២០០ និង ០៨៩ ៧២៦ ០២៨៕