(ព្រុចសែល)៖ អេស្តូនីកំពុងជំរុញឱ្យសហភាពអឺរ៉ុបរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកទុកចំនួនជាង ១៥០ពាន់លានអឺរ៉ូ (១៦២ពាន់លានដុល្លារ) នៅមុនដំណាច់ឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានវិធានការនេះមុនពេលមានគោលនយោបាយណាមួយដែលអាចរារាំងដល់កិច្ចដណើរការរឹបអូស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

មេដឹកនាំសហភាពអឺរ៉ុបបានប្រកាសអាសន្នបន្ទាប់ពីមានការអត្ថាធិប្បាយពីសំណាក់លោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខនៃគណបក្សសាធារណរដ្ឋក្នុងការវិលត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិកវិញ ដែលបានបង្កឱ្យមានការព្រួយបារម្ភឡើងវិញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ។ អន្តរាគមន៍របស់លោក ត្រាំ លើគោលនយោបាយអន្តោប្រវេសន៍នៅក្នុងសភាក៏បានបង្អាក់ជំនួយចំនួន ៦០ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនផងដែរ ដែលត្រូវការចាំបាច់យ៉ាងខ្លាំងដើម្បីប្រឆាំងនឹងយុទ្ធនាការយោធារបស់រុស្ស៊ី។

លោក Jonatan Vseviov អគ្គលេខាធិការនៃក្រសួងការបរទេសអេស្តូនីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងបទសម្ភាសន៍មួយថា៖ «វាមានសារៈសំខាន់ដែលត្រូវរឹបអូសទ្រព្យសម្បត្តិនៅមុនដំណាច់ឆ្នាំ ឬល្អនៅត្រឹមការបោះឆ្នោតអាមេរិក។ ប្រសិនបើយើងរង់ចាំយូរពេក វាអាចយឺតពេល»

នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីខិតជិតចូលដល់រយៈពេលពីរឆ្នាំ សហភាពអឺរ៉ុបនិងក្រុមប្រទេសទាំងមានឧស្សាហកម្មលូតលាស់ប្រាំពីរ (G7) បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីជាង ២៥០ពាន់លានអឺរ៉ូ ហើយកំពុងពិភាក្សាអំពីរបៀបដែលប្រាក់នេះអាចត្រូវបានប្រើប្រាស់ដើម្បីចូលរួមចំណែកដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។

ទ្រព្យសម្បត្តិភាគច្រើនស្ថិតនៅអឺរ៉ុបនៅក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការមូលបត្រ Euroclear ក្នុងប្រទេសប៊ែលហ្សិក ជាទីកន្លែងដែលប្រាក់នេះបានបង្កើតប្រាក់ចំណេញប្រហែល ៤,៤ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕