(បាងកក)៖ នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដើម្បីជួយដោះស្រាយបញ្ហាបំណុលគ្រួសារខ្ពស់ដែលមានទំហំ ៤៥២ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានស្តីពីវិធានការដែលបានប្រកាសនាពេលថ្មីៗនេះដើម្បីដោះស្រាយបំណុលទាំងក្នុងនិងក្រៅប្រព័ន្ធហិរញ្ញវត្ថុថា ការគ្រប់គ្រងបំណុលគ្រួសារមានបញ្ហាប្រឈមជាច្រើន ដោយសារម្ចាស់បំណុលមួយចំនួនបដិសេធមិនចូលរួមក្នុដំណើរការដោះស្រាយ។

ប្រទេសថៃមានអនុបាតបំណុលគ្រួសារខ្ពស់បំផុតក្នុងតំបន់ដោយមានចំនួន ១៦,២ពាន់ពាន់លានបាត (៤៥១,៦ពាន់លានដុល្លារ) ឬ ៩០,៩ភាគរយនៃផលិតផលក្នុងស្រុកសរុបគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣។

ការប្រើប្រាស់ប្រាក់កម្ចីខុសច្បាប់កើតមានជាទូទៅក្នុងចំណោមគ្រួសារដែលមានចំណូលទាបដែលមិនមានលទ្ធភាពទទួលបានប្រាក់កម្ចីពីធនាគារ ហើយមនុស្សជាច្រើនជាប់ជំពាក់បំណុលដែលមានអត្រាការប្រាក់ខ្ពស់។

លោក សេដ្ឋា បាននិយាយថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មនេះនឹងត្រូវបានបង្កើតឡើងដោយធនាគារ Government Savings Bank ហើយនឹងដោះស្រាយបញ្ហាបំណុលរ៉ាំរ៉ៃ។

រដ្ឋាភិបាលថៃបានឱ្យដឹងថា ក្រុមហ៊ុនថ្មីនេះនឹងផ្តល់ជូនច្បាប់បន្ធូរបន្ថយបន្ថែមទៀតក្នុងការគ្រប់គ្រងបំណុល ប៉ុន្តែមិនបានបង្ហាញពីចំនួនបំណុលដែលខ្លួននឹងទិញ ឬចំនួនមនុស្សដែលក្រុមហ៊ុននឹងជួយនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕