(ហ្សឺណែវ)៖ អង្គការពាណិជ្ជកម្មពិភពលោកបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូណេស៊ីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហភាពអឺរ៉ុបទាក់ទងនឹងការដកពន្ធនាំចូលរបស់អឺរ៉ុបលើអាស៊ីតខ្លាញ់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារបណ្តឹងថា វិធានការដកហូតពន្ធរបស់សហភាពអឺរ៉ុបមិនស្របនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកទេ។ អាស៊ីតខ្លាញ់ដែលប្រើប្រេងធ្វើជាគ្រឿងផ្សំដ៏សំខាន់ត្រូវបានយកទៅប្រើប្រាស់ក្នុងផលិតផលប្រើប្រាស់នានាដូចជាគ្រឿងសម្អាង និងថ្នាំពេទ្យ និងប្រេងរំអិលឧស្សាហកម្មជាដើម។

សហភាពអឺរ៉ុបបានឱ្យដឹងកាលពីខែមករាឆ្នាំ២០២៣ថា ខ្លួននឹងចាប់ផ្តើមដកហូតពន្ធចន្លោះពី ១៥,២ភាគរយទៅ ៤៦,៤ភាគរយលើការនាំចូលអាស៊ីខ្លាញ់ពីប្រទេសឥណ្ឌូណេស៊ី ដែលសហភាពអឺរ៉ុបបាននិយាយថាកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរបស់ខ្លួន។

សហភាពអឺរ៉ុបបានឱ្យដឹងថា៖ «ការដកហូតពន្ធនេះនឹងជួយធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពរវាងអាស៊ីតខ្លាញ់ដែលនាំចូលពីប្រទេសឥណ្ឌូណេស៊ី និងអាស៊ីតខ្លាញ់ផលិតក្នុងស្រុក»

បណ្តឹងរបស់ឥណ្ឌូណេស៊ីដែលហៅជាផ្លូវការថា «ការស្នើសុំការពិគ្រោះយោបល់» គឺជាជំហានដំបូងក្នុងជម្លោះដែលប្តឹងទៅកាន់អង្គការ WTO។ វិធានការនេះផ្តល់ឱ្យភាគីទាំងសងខាងរយៈពេលប្រហែល ៦០ថ្ងៃដើម្បីដោះស្រាយភាពខ្វែគំនិតគ្នារបស់ពួកគេមុនពេលក្រុមប្រឹក្សាវិនិច្ឆ័យផ្លូវការរបស់អង្គការ WTO ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយជម្លោះនេះជាបន្តក្នុងករណីមិនការសះជា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕