(ភ្នំពេញ)៖ ក្នុងរយៈពេលប្រហែល ៤ឆ្នាំមកនេះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល មានម្ចាស់អាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ជាពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ដែលធ្វើឱ្យអាជីវកម្មមួយចំនួនឈានទៅដល់ការក្ស័យធន។

ការរក្សាអាជីវកម្មឱ្យមានលំនឹង ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងមានវិបត្តិ មិនមែនជារឿងងាយស្រួលនោះទេ ហេតុដូច្នេះហើយម្ចាស់អាជីវកម្មនីមួយៗ តែមានវិធីសាស្រ្តរៀងៗខ្លួន ក្នុងការដោះស្រាយទៅលើស្ថានភាពលំបាក ដែលក្រុមហ៊ុនរបស់ខ្លួនបានជួបប្រទះ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលគេស្គាល់ថា ជាអ្នកជំនួញល្បីឈ្មោះមួយរូប ក្នុងវិស័យអចលនទ្រព្យបាន កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីវកម្មជាច្រើនបានរងផលប៉ះពាល់ និងឈានទៅក្ស័យធនជាបន្តបន្ទាប់ ដែលក្នុងស្ថានភាពលំបាកនេះ មានអ្នកខ្លះរកលុយបាន ប៉ុន្តែក៏មានអ្នកខ្លះរកលុយមិនបានសម្រាប់ទប់លំនឹងអាជីវកម្ម។

លោកបន្តថា «អ្នករអ៊ូបានតែរអ៊ូ ប៉ុន្តែគាត់អត់រកដំណោះស្រាយ។ បច្ចុប្បន្នអ្វីដែលយើងត្រូវធ្វើ គឺរកដំណោះស្រាយថាតើ យើងត្រូវធ្វើបែបម៉េច ក្នុងស្ថានភាពមិនល្អនេះ ដូចក្រុមហ៊ុនជាច្រើនគាត់ក្ស័យធនមកពីគាត់មិនអាចដោះស្រាយបញ្ហាបាន រីឯអ្នកដែលឈរជើងបាន គឺគាត់ដឹងថា ដោះស្រាយយ៉ាងម៉េច»

ស្របពេលដែលសេដ្ឋកិច្ចស្ថិតក្នុងភាពលំបាក ហើយលោកក៏ជួបបញ្ហាប៉ះពាល់ដល់ចំណូលដូចគ្នា ប៉ុន្តែយុទ្ធសាស្រ្តដែលលោកតែងតែប្រើ គឺយុទ្ធសាស្រ្តម៉ូមីឡែត ដើម្បីរក្សាអាជីវកម្មរបស់លោកឱ្យនៅតែឈរជើងបានទោះបី ជួបបញ្ហា។
ត្រង់ន័យនេះ លោកបញ្ជាក់ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចលំបាក អ្វីដែលត្រូវធ្វើ គឺរក្សាអាជីវកម្មឱ្យមានលំនឹង ពោល គឺត្រូវគ្រប់គ្រង់ហិរញ្ញវត្ថុឱ្យបានល្អ ចំណាយឱ្យត្រូវគោលដៅ ព្រោះក្នុងកាលៈទេសៈនេះ ក្រុមហ៊ុននីមួយៗអាចនឹងមិនរំពឹងថា នឹងទទួលបានចំណូលច្រើននោះទេ។

លោកថា អ្នកដែលមិនយល់ពីវិធីសាស្រ្ត ម៉ូមីឡែត នឹងប្រើប្រាស់លុយមិនចំគោលដៅ ហើយក្រុមហ៊ុនណាដែលចាយលុយមិនចំគោលដៅ គ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អ នឹងធ្វើឱ្យខ្លួនឯងក្ស័យធន៕