(ប៉េកាំង)៖ ទិន្នន័យផ្លូវការបានបង្ហាញនៅសប្តាហ៍នេះថា ប្រាក់បម្រុងរូបិយប័ណ្ណរបស់ប្រទេសចិនបានធ្លាក់ចុះតិចជាងការរំពឹងទុក ខណៈប្រាក់ដុល្លារបានឡើងថ្លៃធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រាក់បម្រុងរូបិយប័ណ្ណរបស់ប្រទេសចិនដែលជាប្រាក់បម្រុងច្រើនជាងគេបំផុតក្នុងពិភពលោកបានធ្លាក់ចុះចំនួន ១៨,៦៦ពាន់លានដុល្លារមកនៅត្រឹម ៣,២១៩ពាន់ពាន់លានដុល្លារកាលពីខែមុន ធៀបនឹងការស្ទង់មតិរបស់ក្រុមអ្នកវិភាគដែលបានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាមានចំនួនតែ ៣,២១៧ពាន់ពាន់លានដុល្លារ និង ៣,២៣៨ពាន់ពាន់លានដុល្លារកាលពីខែធ្នូ ឆ្នាំ២០២៣។

ប្រាក់យន់បានធ្លាក់ថ្លៃ ១ភាគរយធៀបនឹងប្រាក់ដុល្លារក្នុងខែមករា ខណៈដែលតម្លៃប្រាក់ដុល្លារកាលពីខែមុនបានកើនឡើង ២,២ភាគរយធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ប្រទេសចិនបានកាន់កាប់មាសចំនួន ៧២,១៩លានអោន (១អោនស្មើ ៨,៣ជី) នៅដំណាច់ខែមករា កើនឡើងពី ៧១,៨៧លានអោននៅដំណាច់ខែធ្នូ។ តម្លៃមាសបម្រុងរបស់ប្រទេសចិនស្មើនឹង ១៤៨,២៣ពាន់លានដុល្លារនៅដំណាច់ខែមករា ពោលគឺមិនប្រែប្រួលធៀបនឹងដំណាច់ខែធ្នូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕