(ភ្នំពេញ)៖ ការនាំចេញក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់បានចំនួន ៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា, ខែមករាឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤២ ដែលក្នុងនោះ៖

* ទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ២៥ ០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១ ៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិក
* និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហ៊ុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន ២.៦៦%។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥៨៨ ៨១៤ តោន ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង១៨៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៤៧% បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

ការនាំចេញអង្ករក្នុងខែមករា ឆ្នាំ២០២៤ មានការកើនឡើងចំនួនជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២៣ ដែលក្នុងនោះទីផ្សារសហគមន៍អឺរ៉ុបគ្របដណ្តប់ចំនួន ៥៤% នៃការនាំចេញសរុបក្នុងខែមករា។

ការរីកចម្រើននៃទីផ្សារនៅបណ្តាប្រទេសក្នុងហគមន៍អឺរ៉ុប គឺកើតចេញមួយផ្នែកពីកិច្ចគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងសហគ្រិនខ្មែរដែលបានជួយឧបត្ថម្ភដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការរៀបចំពន្លា តាំងផលិតផលស្រូវអង្ករកម្ពុជានៅក្នុងព្រឹត្តិការពិព័រណ៍ម្ហូបអាហារអន្តរជាតិ (ANUGA FOOD FAIR 2023) នាថ្ងៃទី៧ ដល់ ១១ ខែតុលា ឆ្នាំ២០២៣ នាទីក្រុង កូឡូញ ប្រទេសអាឡឺម៉ង់ ដែលមាន ក្រុមហ៊ុនចំនួន ៨ ជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តការណ៍នោះរួមមាន៖ 1) AMRU RICE (CAMBODIA) CO.,LTD 2). CITY RICE IMPORT EXPORT CO., LTD 3). EANG HEANG IMPORT EXPORT CO., LTD 4). GOLDEN RICE (CAMBODIA) CO., LTD 5). KOMPONG THOM RICE MILL LIMITED 6) LOR EAKHENG SEK MEAS CO., LTD 7). PRIMALIS CORPERATION PLC, AND 8). SIGNATURE OF ASIA CO., LTD ៕