(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានពន្យល់ជំរុញការចោទសួរថា «តើការខ្ចីលុយធនាគារទៅទិញផ្ទះ ឬដី ដើម្បីលក់យកចំណេញ គឺជារឿងល្អឬអត់? លោកថា ការខ្ចីលុយធនាគារទៅទិញផ្ទះ ឬដី នៅតែផ្ដល់ផលចំណេញ គ្រាន់តែថា ចំណេញនេះ ត្រូវប្រើប្រាស់ពេលវេលា​ ដើម្បីទទួលបានផល។

ការលើកឡើងរបស់លោកឧកញ៉ា គីម ហ៊ាង ធ្វើឡើងក្នុងវិធី FRESH BUSINESS របស់ទូរទស្សន៍ Fresh News ដែលពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៤»

ឧកញ៉ា គីម ហ៊ាង បានថ្លែងថា ចំពោះការកម្ចីប្រាក់ពីធនាគារ ដើម្បីទិញអចលនទ្រព្យ គឺតម្រូវឲ្យអ្នកទិញគិតជាមុនសិនថា តើអចលនទ្រព្យនោះល្អ គួរតែទិញយក ឬទេ? ដូច្នេះប្រសិនជាយើងមានផ្ទះនៅហើយ ប៉ុន្ដែឃើញគេដីមួយកន្លែង ដែលត្រូវបានដាក់លក់ ត្រូវដឹងជាមុនសិនថា តើយើងមានលទ្ធិភាពគ្រប់គ្រាន់ ក្នុងការកម្ចីទិញដីនេះ ឬទេ? ព្រោះការទិញដីទុកលក់ចំណេញ នៅតែវិធីមួយដ៏ល្អ។

ឧកញ៉ាបានបន្ដថា ដូច្នេះពេលវេលាមិនសំខាន់ទេ សំខាន់លើបុគ្គលខ្លួនឯង។ ប្រសិនបើបុគ្គលនេះ មានប្រាក់ចំណូល មានផ្ទះនៅ ហើយកំពុងសម្លឹងឃើញភាពចំណេញនៃការទិញដីធ្លី និងអាចមានលទ្ធភាពក្នុងការបង់សងត្រឡប់ទៅធនាគារ ដូច្នេះគួរតែទិញទុក លក់រកប្រាក់ចំណេញ។

ឧកញ៉ាបានបញ្ជាក់ថា «ការខ្ចីលុយធនាគារទៅទិញផ្ទះ ឬដីទុកលក់នៅតែផ្ដល់ផលចំណេញ គ្រាន់តែថា ការចំណេញនេះ ត្រូវការពេលវេលា ដោយមិនទទួលបានលុយភ្លាមៗនោះទេ ដូច្នេះនៅពេលដែលសេដ្ឋកិច្ចឡើង ដីធ្លីឡើង»