(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា ក្នុងស្ថានភាពដែលសេដ្ឋកិច្ចមិនមានដំណើរការល្អ ការរក្សាអាជីវកម្មឱ្យបន្តរស់រាន ជាជម្រើសដ៏ល្អបំផុត។

លោកបន្តថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ លោកបានប្រើប្រាស់យុទ្ធសាស្ត្រម៉ូមីឡែត ជាកត្តាជំរុញក្នុងការជួយដល់អាជីវកម្មឈរជើងបាន។

ការលើកឡើងរបស់លោកឧកញ៉ា គឹម ហ៊ាង ធ្វើឡើងក្នុងវិធី FRESH BUSINESS របស់ទូរទស្សន៍ Fresh News ដែលពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៤»

លោកឧកញ៉ា គឹម ហ៊ាង បានលើកឡើងថា ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងតែមិនល្អ មានអ្នករកស៊ីខ្លះរកបាន និងអ្នករកស៊ីខ្លះរកលុយពុំបាន តែក្នុងស្ថានភាពសេដ្ឋកិច្ចល្អ ក៏មានអ្នករកស៊ីខ្លះរកបាន និងអ្នករកស៊ីខ្លះទៀតរកលុយពុំបានដូចគ្នា ដូច្នេះអ្វីដែលត្រូវធ្វើនាពេលនេះ គឺកុំរអ៊ូរទាំ ប៉ុន្ដែរិះរកដំណោះស្រាយ ត្រូវធ្វើយ៉ាងម៉េចក្នុងស្ថានភាពមិនល្អនេះ មានក្រុមហ៊ុនជាច្រើនក្ស័យធន ដោយសារតែមិនអាចដោះស្រាយបញ្ហាបាន ចំណែកអ្នកឈរជើងបាន គឺអ្នករកស៊ីនោះដឹងពីវិធីដោះស្រាយ។

លោកឧកញ៉ា គឹម ហ៊ាង បានបញ្ជាក់ថា «បច្ចុប្បន្ននេះយុទ្ធសាស្រ្ដដែល ខ្ញុំឧស្សាហ៍ប្រើ គឺយុទ្ធសាស្រ្ដម៉ូមីឡែត អ្វីជាយុទ្ធសាស្រ្ដម៉ូមីឡែត? យុទ្ធសាស្រ្ដម៉ូមីឡែត ជាប្រភេទម៉ូតូមួយ ដែលអាចបណ្ដើរក៏បាន ធាក់កង់ក៏បាន និងប្រើម៉ាស៊ីនក៏បាន ដោយអាចប្រើសាំងមួយលីត្រ ដូច្នេះក្នុងស្ថានភាពដែលលំបាកនេះ យើងមិនរំពឹងថារកលុយបានច្រើននោះឡើយ អីចឹងក្រុមហ៊ុនទាំងឡាយណាដែលមិនយល់ពីយុទ្ធសាស្ត្រម៉ូមីឡែត មិនយល់ពីវិធីក្នុងការរក្សាអាជីវកម្មនោះទេ នោះនឹងប្រើប្រាស់លុយមិនចំគោលដៅ ដូច្នេះក្រុមហ៊ុនដែលចាយលុយមិនចំគោលដៅ គ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អនោះទេ នោះច្បាស់ជាក្ស័យធនជាពុំខាន»