(ភ្នំពេញ)៖ អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា គឹម ហ៊ាង បានលើកឡើងពីឱកាសក្នុងវិបត្តិ ដែលគួរអ្នកវិនិយោគ គួរចាប់យកឱកាស ក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យ ដើម្បីទទួលបានផលចំណេញនៅពេលអនាគត។

លោក ឧកញ៉ា គឹម ហ៊ាង លើកឡើងបែបនេះ ធ្វើឡើងក្នុងវិធី FRESH BUSINESS របស់ទូរទស្សន៍ Fresh News ដែលពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៤»

លោកបានពន្យល់ថា ជាទូទៅនៅពេលដែលកើតមានវិបត្តិសេដ្ឋកិច្ច គឺកើតមានអតិផរណា ដែលនឹងធ្វើឱ្យលុយហើម ឬចុះថោក និងនាំឱ្យតម្លៃដីធ្លីធ្លាក់ចុះ ដូច្នេះហើយទីតាំងដីធ្លី ផ្ទះសម្បែងដែលជាទីតាំងល្អនឹងត្រូវបានគេដាក់លក់។ នេះគឺជាឱកាសសម្រាប់អ្នក ដែលមានលុយ ក្នុងការច្បាមទិញដីទាំងនោះ សម្រាប់ទុកលក់ចំណេញ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងពីករណីមួយ ដែលបានកើតឡើងនៅប្រទេសថៃ កាលពីឆ្នាំ ១៩៩៧ និងឆ្នាំ១៩៩៨ ក្នុងពេលកើតមានវិបត្តិសេដ្ឋកិច្ច ដីធ្លីបានចុះថោក ស្របពេលដែលក្រុមហ៊ុនធំមួយចំនួនរងផលប៉ះពាល់ ប៉ុន្តែនេះគឺជាឱកាសសម្រាប់អ្នក ដែលមានលុយច្បាមទិញដីនៅកន្លែងដែលល្អ ព្រោះនៅរយៈពេល ២ទៅ៣ឆ្នាំដីនោះ បានឡើងថ្លៃទ្វេមួយជាពីរ ឬជាបី។

ក្នុងពេលដែលវិស័យអចលនទ្រព្យនៅកម្ពុជា ស្ថិតក្នុងស្ថានភាពលំបាក លោកលើកទឹកចិត្តឱ្យអ្នកមានលុយនៅកម្ពុជា គួរដើរមើលដី ឬផ្ទះនៅភ្នំពេញ ដែលមានទីតាំងល្អ ទិញទុក ដែលលោកជឿជាក់ថា នៅពេលខាងមុខទីផ្សារអចលនទ្រព្យនឹងល្អប្រសើរ នាំឱ្យតម្លៃដី និងផ្ទះឡើងថ្លៃ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកឧកញ៉ា គីម ហ៊ាង៖