(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាព នៃ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា រាជរដ្ឋាភិបាល បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ក្នុងគោលបំណងជំរុញឲ្យមានសកម្មភាពវិនិយោគ និង ធុរកិច្ចកាន់តែច្រើន និង មានសន្ទុះលឿន ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ ២០២៤។

តាមរយៈនេះ, ធុរជន និងវិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៤ រួមមាន៖
(១)៖​ គម្រោងវិនិយោគ ឬធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង
(២)៖ គម្រោងវិនិយោគ ឬធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង
និង(៣)៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្ត នឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស», ជាអាទិ៍ ការសម្រួលនីតិវិធី, ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា។

ជាមួយនេះ, រាជរដ្ឋាភិបាលបានបង្កើត ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួងស្ថាប័ន និង មានភារកិច្ចដឹកនាំ, សម្របសម្រួល នឹងអនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា «ច្រកចេញចូលតែមួយ»

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អាចអញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិ លេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១២ ៩០២ ២០០ និង ០៨៩ ៧២៦ ០២៨៕