(ព្រុចសែល)៖ ក្រុមប្រទេសដែលមានឧស្សាហកម្មរីកចម្រើនទាំង៧ (G-7) និងសហភាពអឺរ៉ុបកំពុងពិភាក្សាគ្នាអំពីផែនការប្រើប្រាស់ទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបង្កកជាង ២៥០ពាន់លានដុល្លារធ្វើជាទ្រព្យបញ្ចាំដើម្បីជួយប្រមូលមូលនិសម្រាប់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីបញ្ហានេះថា ស្ថិតក្រោមសំណើនេះ ក្រុមប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនអាចលក់បំណុលដើម្បីប្រមូលប្រាក់យកមកប្រើប្រាស់សម្រាប់ការកសាងប្រទេសដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ ដោយប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កករបស់រុស្ស៊ីធ្វើជាទ្រព្យបញ្ចាំ។

ក្រុមអ្នកគាំទ្រសំណើនេះជឿថា ការដោះស្រាយជម្លោះណាមួយនៅក្រោមច្បាប់អន្តរជាតិនឹងត្រូវឱ្យរុស្ស៊ីទទួលខុសត្រូវលើការចំណាយលើការខូចខាតដែលខ្លួនបានបង្កឡើងដល់ប្រទេសជិតខាងរបស់ខ្លួន។ ប្រភពដដែលបានឱ្យដឹងថា ប្រសិនបើរុស្ស៊ីបដិសេធ ការទាមទារនានាអាចត្រូវបានធ្វើឡើងលើទ្រព្យសម្បត្តិដែលបង្កកនេះ។

ប្រភពដដែលដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Bloomberg ថា ការពិភាក្សានៅពេលនេះកំពុងធ្វើឡើងក្នុងកម្រិតបច្ចេកទេសដែលមានន័យថា ការសម្រេចចិត្តផ្នែកនយោបាយមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។ មនុស្សម្នាក់ក្នុងចំណោមប្រភពនេះបាននិយាយថា ប្រទេសមួយចំនួនចង់ឱ្យធ្វើកិច្ចការនេះឱ្យបាឆាប់រហ័ស។

ក្រុមប្រទេស G-7 បានប្តេជ្ញាថានឹងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវលើការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញ និងបន្តបង្កកទ្រព្យសម្បត្តិរហូតទាល់តែរុស្ស៊ីព្រមធ្វើ។ សមាជិកមួយចំនួននៃក្រុមប្រទេស G-7 រួមទាំងបារាំង និងអាឡឺម៉ង់ រហូតមកដល់ពេលនេះបានជំទាស់នឹងជម្រើសរឹបអូសទ្រព្យសម្បត្តិដែលបានបង្កកទាំងស្រុង ដោយសារតែការព្រួយបារម្ភផ្នែកច្បាប់ និងផលវិបាកដែលអាចកើតមានលើស្ថិរភាពនៃប្រាក់អឺរ៉ូ។

ប្រភពដដែលប្រាប់ Bloomberg ទៀតថា ផែនការនេះអាចអនុញ្ញាតឱ្យមានការបង្កើតស្ថាប័នចំពោះកិច្ចមួយដែលនឹងបោះផ្សាយមូលបត្របំណុលដែលគ្មានការប្រាក់ដែលគាំទ្រដោយទ្រព្យបញ្ចាំ។ រុស្ស៊ីបានប្ដេជ្ញាជំទាស់តាមផ្លូវច្បាប់ទៅនឹងរាល់ការប៉ុនប៉ងរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន៕