(ភ្នំពេញ)៖ អ្នកជំនាញអចនលទ្រព្យបានព្យាករណ៍ថា តម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុ នៅរយៈពេល២ទៅ៣ឆ្នាំទៀត អាចនឹងកើនឡើងមកវិញ បន្ទាប់ពីវីស័យអចលនទ្រព្យក្នុងនៅខេត្តនេះ បានជួយវិបត្តិ និងបន្សល់ទុកនូវអគារជាច្រើន ដែលមិនទាន់សាងសង់រួច។

ការព្យាករណ៍របស់អ្នកជំនាញអចលទ្រព្យលោក ច្រឹក សុនីម ស្របពេលដែលកាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ក្នុងគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ខណៈផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង បានឈានដល់ដំណាក់កាលចុងក្រោយ និងត្រៀមការអនុម័តពីរាជរដ្ឋាភិបាល នៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៤។

លោក ច្រឹក សុនីម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា គោលនយោបាយរបស់រដ្ឋាភិបាល នឹងជួយគាំទ្រដល់អាជីវកម្មអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុឱ្យដំណើរការ ទៅដោយល្អប្រសើរ ដែលនឹងជួយដល់អគារដែលកំពុងសាងសង់​​អាចបញ្ចប់ការសាងសង់បាន។

លោកមានប្រសាសន៍ថា «យន្តការទាំងនេះ នឹងជួយគាំទ្រវិស័យអចនទ្រព្យឱ្យមានភាពរឹងមាំ។ សម្រាប់ការងើបឡើងវិញនៃវិស័យអចលនទ្រព្យខ្ញុំគិតថា នឹងមានដំណើរការបន្តិចម្តងៗ តែមិនលឿនពេកនោះទេ ដោយសារតែភាពប្រឈម និងភាពមិនច្បាស់លាស់​ តែទោះជាយ៉ាងណាក៏ដោយឆ្នាំ២០២៤ ​មានលក្ខណៈវិជ្ជមានច្រើនទៅលើវិស័យនេះ។ ​​ការកើនឡើងបន្តិចម្តងៗ មិនមានគំហុកខ្លាំងដូចឆ្នាំ២០១៨ និង២០២១៩ទេ»

លោកបានកត់សម្គាល់ថា តម្លៃអចនទ្រព្យក្នុងខេត្តព្រះសីនុ ដែលបានកើនឡើងកាលពីមុន គឺមិន​មានចុះទៅវិញច្រើននោះទេ ដោយនៅរក្សាលំនឹងដដែល។ ​

បើតាមអ្នកជំនាញអចលនទ្រព្យរូបនេះ បច្ចុប្បន្ននេះតម្លៃអចលទ្រព្យនៅក្នុងខេត្តព្រះសីហនុ មានច្រើន​កម្រិតអាស្រ័យតាមតំបន់ប្រជុំជន ក្រៅប្រជុំជន និងតំបន់ជាយក្រុង ពោលគឺ​នៅក្នុងប្លុក​ខ្លះតម្លៃ​លើសពី ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅប្លុកខ្លះអាចមានតម្លៃចន្លោះពី ៥០០ដុល្លារទៅ ១០០០​ក្នុងមួយម៉ែត្រការ៉េ និងប្លុកខ្លះទៀតមានតម្លៃក្រោម ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោករំពឹងថា ក្នុងពេលអនាគតអាច២ទៅ៣ឆ្នាំខាងមុខ តម្លៃអចនទ្រព្យក្នុងខេត្តព្រះស៊ីហនុ នឹងមានការកើនឡើងចន្លោះពី២០%ទៅ៣០%។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តខេត្តព្រះសីហនុ បានលើកឡើងក្នុងបណ្តាញសង្គមផ្លូវការរបស់លោកកាលពីពេលថ្មីៗនេះថា «ក្រោយពីការសិក្សា វិភាគ និងរៀបចំធ្វើផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង អស់រយៈពេលជាងពីរឆ្នាំយ៉ាងសស្រាក់ស្រាំកន្លងមក ឥឡូវបានដល់ដំណាក់កាលចុងក្រោយហើយ និងត្រៀមការអនុម័តពីរាជរដ្ឋាភិបាល នៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៤ខាងមុខនេះ»

គួរជម្រាបផងដែរថា ចាប់ពីឆ្នាំ ២០១៦ មកការវិនិយោគ ក្នុងខេត្តព្រះសីហនុ មានសម្ទុះកើនឡើង​ខ្លាំងគួរឱ្យកត់សម្គាល់ ដោយមានការរីកដុះដាលយ៉ាងលឿន​នៃសំណង់អគារខ្ពស់ៗ ដែលនាំឱ្យតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុកើនឡើងជាបន្តបន្ទាប់។ ​ទោះជាយ៉ាងនេះក្តី ​ក្នុងអំឡុងឆ្នាំ ២០១៩ ​ដោយសារការផ្លាស់ប្តូរក្នុងការវិវឌ្ឍនៃស្ថានភាពសង្គមសេដ្ឋកិច្ច គួបផ្សំនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀត បានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាកឬបញ្ឈប់ដំណើរការសាងសង់។

បើតាមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​អគារនៅខេត្តព្រះសីហុន ដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ ខណៈអគារត្រូវបានសាងសង់រួច ប៉ុន្តែពុំទាន់បានដំណើរការមាន ១៧៦ អគារ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ, រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ មានជាអាទិ៍៖ ការកសាងផ្លូវលឿន ភ្នំពេញ-ខេត្តព្រះសីហនុ, ការកសាងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងខេត្ត, ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង កាលពីខែ មីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវ វិធានការទូទៅ និងវិធានការលើកទឹកចិត្ត សម្រាប់អនុវត្ត រហូតដល់ឆ្នាំ ២០២៦​៕