(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា បើទោះបីជាការបោះផ្សាយមូលបត្ររដ្ឋ​មិនគ្រប់ តាមផែនការកំណត់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់​ផែនការចំណាយថវិកាជាតិនោះឡើយ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ការបោះផ្សាយលក់មូលបត្ររបស់រដ្ឋ សម្រេចបានប្រមាណតែ ៣០%នៃផែនការប៉ុណ្ណោះ។

កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា មានបំណងបោះផ្សាយមូលរដ្ឋ ប្រមាណ២០០លានដុល្លារ ប៉ុន្តែលទ្ធផលនៃការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៣ ​សម្រេចបានប្រមាណ ២៣៧ប៊ីលានរៀល​ ​ឬស្មើជិត ៦០លានដុល្លារប៉ុណ្ណោះ ​ស្របពេលដែលនៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារ​ សម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទាន លើគម្រោងវិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។

លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា បើទោះបីជា ការបោះផ្សាយមូលបត្រមិនគ្រប់ តាមផែនការដែលបានកំណត់ក៏ដោយ ប៉ុន្តែនឹងមិនជះឥទ្ធិពលដល់ច្បាប់ថវិកាជាតិ ឬគម្រោងចំណាយរបស់រដ្ឋនោះទេ។

លោកបានគូសបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋ គឺដើម្បីទទួលបានធនធានពីក្នុងស្រុក សម្រាប់ការចំណាយផ្សេងៗរបស់រដ្ឋ។ តែយ៉ាងណាមិញរដ្ឋក៏ត្រូវរកវិធីសាស្រ្តសងវិញ ក្នុង​រយៈពេល​ខ្លី ពោលគឺថវិកាដែលទទួលបានពីការលក់មូលបត្រ ​ការសងត្រឡប់ទៅវិញលឿនជាងកម្ចី ដែលរដ្ឋបានខ្ចីពីបរទេស។ ចំណែកអត្រាការវិញ បើធៀបជាមួយកម្ចី ក៏ខ្ពស់ជាងផងដែរ។

លោកបានគូសបញ្ជាក់ថា លទ្ធផលនៃការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៣ សម្រេចបានជិត ៦០លានដុល្លារនេះ អាចចាត់ទុកថា ជាវឌ្ឍនភាពមួយដ៏ល្អប្រសើរនៃការអភិវឌ្ឍមូលបត្ររដ្ឋរបស់កម្ពុជា
បើធៀបនឹងការបោះផ្សាយលក់លើកដំបូងក្នុងឆ្នាំ២០២២។ ​

​លោកបញ្ជាក់បន្ថែមថា «ចំពោះទំហំសរុបប្រមាណ ២០០លានដុល្លារ ដែលត្រូវបានកំណត់ក្នុង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ គ្រាន់តែជាពិតានក្នុងការបោះផ្សាយប៉ុណ្ណោះ មិនមែនមានន័យថា រាជរដ្ឋាភិបាលត្រូវតែសម្រេចការបោះផ្សាយ ឱ្យបានតាមទំហំកំណត់នេះទេ»។​

​លោកកត់សម្គាល់ថា ការចូលរួមវិនិយោគលើមូលបត្ររដ្ឋរបស់កម្ពុជា នៅមិនទាន់មានភាពសស្រាក់សស្រាំនៅឡើយ ដែលអាចបណ្ដាលមកពីកត្តាចម្បងមួយចំនួនដូចជា​ការបន្តអនុវត្តគោលនយោបាយដំឡើង អត្រាការប្រាក់របស់ធនាគារកណ្តាលនៃបណ្តាប្រទេសធំៗ បានធ្វើឱ្យអត្រាការប្រាក់នៃឧបករណ៍វិនិយោគដទៃទៀត មានកម្រិតខ្ពស់ជាងអត្រាគូប៉ុង នៃមូលបត្ររដ្ឋរបស់កម្ពុជា ខណៈដែលអត្រាគូប៉ុង ត្រូវបានកំណត់ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ ដើម្បីធានាសម្រេចបាននូវចីរភាព និងហានិភ័យទាប នៃស្ថានភាពបំណុលសាធារណៈ។ ទន្ទឹមគ្នានេះ ប្រព័ន្ធគាំទ្រទីផ្សារសម្រាប់ការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទីផ្សារដំបូង និងការជួញដូរមូលបត្ររដ្ឋក្នុងទីផ្សារបន្ទាប់ កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ដោយបច្ចុប្បន្នអាចគាំទ្របានតែការចូលរួមរបស់វិនិយោគិនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃផ្លែតហ្វូម របស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform-NBCP)។

លោកមានប្រសាសន៍ថា ដើម្បីធ្វើឱ្យការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៤នេះ កាន់តែមានភាពទាក់ទាញ និងទូលំទូលាយ, គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្ម នូវរាល់វិធានការ និងផែនការសកម្មភាពប្រទាក់ក្រឡា ដែលបានដាក់ចេញក្នុងក្របខ័ណ្ឌគោលនយោបាយ ស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣- ២០២៨ ក្នុងនោះមានផែនការសកម្មភាពអាទិភាពមួយចំនួន ដែលត្រូវជំរុញរៀបចំឱ្យបានឆាប់ ក្នុងគោលបំណងឈានទៅបង្កើតឱ្យបាននូវប្រព័ន្ធមួយ ពេញលេញសម្រាប់ការបោះផ្សាយក្នុងទីផ្សារដំបូង និងការជួញដូរមូលបត្ររដ្ឋ ក្នុងទីផ្សារបន្ទាប់ រួមមាន៖ការបើកផ្លូវអនុញ្ញាតឱ្យគ្រឹះស្ថានមិនមែនធនាគារនិងហិរញ្ញវត្ថុ អាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបានក្នុង NBCP តាមរយៈការអនុញ្ញាតលើអាជីវកម្មមូ លបត្ររដ្ឋដល់អន្តរការី (Intermediary) ព្រមទាំងការកំណត់នូវលក្ខខណ្ឌតម្រូវនានា។​ ការអភិវឌ្ឍ NBCP ដែលមានស្រាប់បច្ចុប្បន្ន ឱ្យក្លាយទៅជាប្រព័ន្ធតែមួយគត់ សម្រាប់ប្រតិបត្តិការបោះផ្សាយក្នុងទីផ្សារដំបូង, ជួញដូរក្នុងទីផ្សារបន្ទាប់, ការទូទាត់និងរក្សាទុកមូលបត្ររដ្ឋ​៕