(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវ​នឹងបើកជើងហោះហើរត្រង់​ទៅមក វៀងចន្ទន៍-ភ្នំពេញ​ ឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះតទៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍របស់ប្រទេសទាំងពីរ។ នេះបើតាម លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ​ដោយពិនិត្យឃើញគ្រប់យ៉ាងបានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះវិស័យទេសចរណ៍ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តធ្វើការហោះត្រង់ឡើងវិញ វៀងចន្ទន៍-ភ្នំពេញ​ ដែលគ្រោងចាប់ផ្តើមហោះនាថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខតទៅ ដោយក្នុងមួយសប្តាហ៍មានចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរិ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។

លោកបន្ថែមថា «ក្នុងរយៈពេលវែង ក្រុមហ៊ុនអាកាសចរណ៍ឡាវក៏មានគម្រោងនឹងធ្វើការតភ្ជាប់ផ្លូវហោះហើរទៅកាន់ខេត្តព្រះសីហនុ ដោយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញលិខិតផ្តល់ការអនុញ្ញាតសម្រាប់ការហោះហើរតាមសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវរួចរាល់ហើយដែរ»

បើតាម​អ្នកនាំពាក្យរូបនេះ​ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ​ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវ វៀងចន្ទន៍-ភ្នំពេញ​ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០ ប៉ុន្តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវបានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement) តែទោះជាក្នុងស្ថានភាពណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវនៅតែបន្តការហោះហើរត្រង់រវាង ហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប-ប៉ាក់សេ-ហ្លួងព្រះបាង ដោយប្រើប្រាស់យន្តហោះប្រភេទ ATR 72 ដែលមានចំនួនជើងហោះហើរប្រមាណ ៣ជើង ក្នុងមួយ
សប្តាហ៍។

​ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ និងវិនិយោគិនបរទេស ក្នុងការធ្វើដំណើរចេញ-ចូលប្រទេសឡាវ ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រកាសដាក់ចេញនូវផ្លូវហោះហើរអន្តរជាតិថ្មី នៅក្នុងតំបន់បន្ថែមទៀត ដោយហោះរវាងសុវណ្ណាខេត-បាងកក វៀងចន្ទន៍-ភ្នំពេញ និងវៀងចន្ទន៍-ដាណាង ប្រទេសវៀតណាម។

គួរ​កត់សម្គាល់ផងដែរថា ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជាមួយលោក ថង លុនស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង
ឱកាសនៃការចូលរួមក្នុង​ «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» ​នៅប្រទេសចិន ​កាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឡាវ ដែលសម្រេចបានកន្លងមក។

ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)» និងការ តភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងចន្ទន៍-ភ្នំពេញ។

ជាមួយគ្នានោះដែរ លោក ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)»
​គួរបញ្ជាក់ផងដែរថា ​កាលពីឆ្នាំ២០២៣កន្លងទៅ ឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកទស្សនៈកិច្ចកម្សាន្តនៅក្នុងប្រទេសកម្ពុជា​ ដែលមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០២%។ ក្រុមហ៊ុនអាកាសចរណ៍ឡាវសង្ឃឹម និងជឿជាក់ថា ភ្ញៀវទេសចរកម្ពុជា និងភ្ញៀវទេសចរបរទេសនឹងចូលរួមគាំទ្រដល់ការហោះហើរត្រង់នេះ​៕