(ភ្នំពេញ)៖ រាល់ការវិនិយោគសុទ្ធតែមានហានិភ័យ គ្រាន់តែមានតិច និងច្រើន ខណៈការជម្រើសនៃការវិនិយោគក៏មានច្រើន ​ដូចជាការយកប្រាក់ទៅដាក់​បញ្ញើនៅធនាគារ ដើម្បីទទួលបានការប្រាក់ប្រចាំឆ្នាំ,​ ការទិញអចលនទ្រព្យ និងទិញមាសសម្រាប់ទុកលក់ពេលឡើងថ្លៃ, និងការវិនិយោគក្នុងទីផ្សារមូលបត្រជាដើម។ ​

ជាក់ស្ដែង ការសន្សំប្រាក់បញ្ញើនៅធនាគារ មានកាលកំណត់ និងការវិនិយោគលើផ្សារមូលបត្រសុទ្ធតែមាន ចំណុចល្អដែលគួរស្វែងយល់ ​និងពិចារណា ​​ដែលវិនិយោគិនអាចសម្រេចចិត្ត ទៅតាមជម្រើសរបស់ខ្លួន។ ជាទូទៅ ការវិនិយោគ​ក្នុងទីផ្សារមូលបត្រ ជាការវិនិយោគដែលមានហានិភ័យ ប៉ុន្តែកាលបើវិនិយោគត្រូវ ផលដែលទទួលបានក៏ល្អគួរសមដែរ។ ស្របពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបានបញ្ជី នៅក្នុងទីផ្សារមូលបត្រនៅកម្ពុជា មានច្រើនគួរសម ដែលវិនិយោគិន អាចពិចារណាក្នុងការទិញភាគហ៊ុន ពីក្រុមហ៊ុនណាមួយ​ដែលខ្លួនយល់ថា អាចនឹងផ្តល់ផលចំណេញខ្ពស់។ ប៉ុន្តែវិនិយោគិនដែលចង់ទិញលក់មូលបត្របាន ទាល់តែមាន លេខអត្តសញ្ញាណវិនិយោគិន ដែលចេញឲ្យដោយនិយ័តករមូលបត្រកម្ពុជា។​

​លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា សម្រាប់អ្នកដែលមានប្រាក់ចំណូលល្មម ហើយសល់ថវិកា អាចពិចារណាទៅលើជំរើសវិនិយោគផ្សេងៗ ដើម្បីយកលុយទៅបង្កើតលុយ។ សម្រាប់ការយកប្រាក់ទៅដាក់បញ្ញើរនៅធនាគារ ដើម្បីទទួលបានការប្រាក់ អាចនឹងមានហានិភ័យទាប ។ យ៉ាងណាមិញ ការវិនិយោគក្នុងទីផ្សារមូលបត្រ ក៏ជាអាចជាជំរើសល្អមួយ​ បើទោះបីជាការវិនិយោគក្នុងទីផ្សារនេះ អាចផ្តល់ហានិភ័យ​ច្រើនជាង ប៉ុន្តែអ្នកវិនិយោគក៏អាចនឹងទទួលបានផលចំណេញ​ខ្ពស់។

ហេតុនេះហើយ ទើបលោកលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ត្រូវចេះធ្វើពិពិធកម្មនៃការវិនិយោគ ពោលគឺត្រូវចេះបែងចែកសាច់ប្រាក់ ​ទៅលើជំរើសនៃការវិនិយោគនីមួយៗ ដោយមិនផ្តោតតែមួយនោះទេ។

លោកបានពន្យល់យ៉ាងដូច្នេះថា «ភាសាអ្នកសេដ្ឋកិច្ចគេហៅថា​ ធ្វើពិពិធកម្មនៃការវិនិយោគ គេអត់ដែលវិនិយោគ តែនៅមួយកន្លែងទេ។ បើសាច់ប្រាក់មាន១០០ រំលែកអង្កន់ ជាតូចៗ ។ ២០​ ដាក់ទៅខាងណេះ ២០​ដាក់ទៅខាងនោះ អា២០​ទុកដាក់ទៅខាងណោះ។ កាលណាយើងធ្វើពិពិធកម្មវិនិយោគ មានន័យថាយើងបានរៀបចំនូវការការពារខ្លួនឯង បើមួយមានបញ្ហា ខ្ញុំនៅសល់មួយទៀត។ ជំរើសដែលល្អបំផុត គឺពន្យល់វិនិយោគិនឱ្យយល់ អំពីអត្ថន័យនៃការវិនិយោគ យន្តការនៃការវិនិយោគ ផលប្រយោជន៍កើតចេញពីការវិនិយោគ ជំរើសគឺជារបស់អតិថិជន។»

បើតាមលោក ស៊ូ សុជាតិ បច្ចុប្បន្ននេះមានវិនិយោគិនប្រមាណ ៥ម៉ឺននាក់នៅកម្ពុជា បាននិងកំពុងមានសកមម្មភាពទិញលក់ភាគហ៊ុន ដែលទាំងនេះបានបញ្ជាក់ថា សាធារណជន និងអ្នករកស៊ីក្នុងវិស័យមូលបត្រ បានកើនឡើង ខណៈពេលចាប់ផ្តើមមានមិនដល់ ១០០នាក់ផង។

ជម្រាបផងដែរថា គិតមកទល់ដើមឆ្នាំ២០២៤នេះ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជី និងប្រមូលទុនពីសាធារណជន តាមរយៈផ្សារមូលបត្រកម្ពុជា រួមមានចំនួន២៣ ដែលក្នុងនោះក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ១២ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម៕