(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនៅវគ្គជួញដូរដំបូងនៅថ្ងៃសុក្រ បន្ទាប់ពីអង្គការ OPEC+ បានសម្រេចចិត្តរក្សាគោលនយោបាយទិន្នផលប្រេងរបស់ខ្លួននៅដដែល ទោះបីជាតម្លៃប្រេងគោលមានទំនោរធ្លាក់ចុះក្នុងគ្រាដែលមានសេចក្តីរាយការណ៍ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្ដី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានឡើងថ្លៃ ៣៧ សេន ឬ ០,៥ភាគរយដល់ ៧៩,០៧ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃសុក្រ ខណៈពេលដែលប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិក្នុងកិច្ចសន្យាអនាគតបានឡើងថ្លៃ ៣០សេន ឬ ០,៤ភាគរយដល់ ៧៤,១២ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍ ប្រភពចំនួនពីរមកពីអង្គការ OPEC + បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អង្គការក្រុមប្រទេសផលិតប្រេងឆៅនេះបានរក្សាគោលនយោបាយទិន្នផលប្រេងរបស់ខ្លួននៅដដែល ហើយនឹងសម្រេចចិត្តម្តងទៀតក្នុងខែមីនាថាតើត្រូវបន្តកាត់បន្ថយការផលិតប្រេងដោយស្ម័គ្រចិត្តសម្រាប់ត្រីមាសទីមួយឬអត់។

អង្គការ OPEC+ ដែលការជាបញ្ចូលគ្នារវាងសមាជិករបស់អង្គការប្រទេសនាំចេញប្រេង (OPEC) និងប្រទេសផលិតប្រេងជាសម្ព័ន្ធមិត្តដែលដឹកនាំដោយប្រទេសរុស្ស៊ី បានកាត់បន្ថយទិន្នផលចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) សម្រាប់ត្រីមាសទីមួយដូចដែលបានប្រកាសកាលពីខែវិច្ឆិកា។

អ្នកវិភាគមកពីក្រុមហ៊ុនស្រាវជ្រាវ ANZ Research បានឱ្យដឹងនៅក្នុងសំណេរខ្លីមួយកាលពីថ្ងៃសុក្រថា ការកាត់បន្ថយផលិតកម្មទាំងនោះគួរតែរក្សាការផ្គត់ផ្គង់ក្នុងកម្រិតតឹងរ៉ឹងនៅក្នុងត្រីមាសទី១ ដោយកំណើនផលិតកម្មប្រេងមកពីប្រទេសមិនមែនជាសមាជិករបស់អង្គការ OPEC គ្រោងនឹងវិលមករកលក្ខណៈធម្មតាវិញ ហើយកំណើនទិន្នផលប្រេងឆៅរបស់សហរដ្ឋអាមេរិកបានថមថយនៅឆ្នាំ២០២៤ មកនៅត្រឹម ៣សែនបារ៉ែលក្នុងមួយថ្ងៃ (bpd) ពី ៨សែនកាលពីឆ្នាំមុន៕