(ហ្សាការតា)៖ ក្រុមហ៊ុន TikTok សម្រេចបានកិច្ចព្រមព្រៀងរបស់ខ្លួនទិញយកភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សរបស់ប្រទេសចិនចាប់ផ្តើមអាជីវកម្មលក់ទំនិញអនឡាញឡើងវិញនៅឥណ្ឌូណេស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅសប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូនេស៊ី GoTo ដែលជាម្ចាស់ភ្លែតហ្វមលក់ទំនិញអេឡិចត្រួនិច Tokopedia និងក្រុមហ៊ុន TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ប្រទេសចិនសម្រេចបានកិច្ចព្រមព្រៀងទិញយកភាគហ៊ុន ៧៥,០១ភាគរយនៃភ្លែតហ្វមនេះក្នុងតម្លៃ ៨៤០លានដុល្លារដែលបានព្រមព្រៀងគ្នាកាលពីខែធ្នូឆ្នាំ២០២៣។

ក្រុមហ៊ុន TikTok បានបង្ខំឱ្យបិទភ្លែតហ្វមលក់ទំនិញអនឡាញ TikTok Shop របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការលក់ទំនិញអនឡាញនៅលើភ្លែតហ្វមបណ្តាញទំនាក់ទំនងនានាក្នុងខែកញ្ញា ដោយលើកឡើងពីភាពចាំបាច់ដើម្បីការពារពាណិជ្ជករតូចៗ និងទិន្នន័យរបស់អ្នកប្រើប្រាស់។

ស្ថិតក្រោមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GoTo អាជីវកម្មនៅឥណ្ឌូនេស៊ីរបស់ភ្លែតហ្វម TikTok Shop នឹងត្រូវបានច្របាច់បញ្ចូលជាមួយភ្លែតហ្វម Tokopedia។

លោក Patrick Walujo អគ្គនាយក្រុមហ៊ុន GoTo Group ត្រូវបានដកស្រង់សម្តីដោយរ៉យទ័រ ខណៈបានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ថ្ងៃនេះជាការសម្រេចបានភាពជាដៃគូជាមួយ TikTok ដែលនឹងបន្តនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសឥណ្ឌូណេស៊ីនិងសហគ្រាសមីក្រូ ធុនតូច និងមធ្យម។ វាក៏ជាការបោះជំហានឆ្ពោះទៅមុខដ៏ធំសម្រាប់ក្រុមហ៊ុន GoTo Group ដែរ»