(ក្រុងឡុងដ៍)៖ ក្រុមប្រឹក្សាមាសពិភពលោក (WGC ) បានឱ្យដឹងនៅសប្តាហ៍នេះថា តម្រូវការមាសពិភពលោកដោយមិនរាប់បញ្ចូលការជួញដូររំលងបញ្ជ (OTC) បានធ្លាក់ចុះ ៥ភាគរយមកនៅត្រឹម ៤ ៤៤៨,៤តោនក្នុងឆ្នាំ២០២៣ ដោយសារភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ប៉ុន្តែនៅតែរឹងមាំបើធៀបនឹងបរិមាណជាមធ្យមក្នុងរយៈពេលជា ១០ឆ្នាំចុងក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា ជម្លោះដែលកំពុងបន្តកើតមាន ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការបោះឆ្នោតជ្រើសរើសមេដឹកនាំក្នុងប្រទេសជាង ៦០នៅជុំវិញពិភពលោក ទំនងជាជួយជំរុញតម្រូវការមាសនៅឆ្នាំនេះ គួបផ្សំនឹងកំណើនទិញគ្រឿងអលង្កាដែលរំពឹងថានឹងកើតមាន កំណើនតម្លៃទំនិញខ្ពស់ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីនិន្នាការតម្រូវការប្រចាំត្រីមាសរបស់ក្រុមប្រឹក្សាមាសពិភពលោកថា បើរួមទាំងតម្រូវការពីទីផ្សាររំលងបញ្ជនិងប្រភពផ្សេងទៀត តម្រូវការមាសសរុបបានកើនឡើង ៣ភាគរយពោលគឺដល់បរិមាណខ្ពស់បំផុតប្រចាំឆ្នាំថ្មីមួយគឺ ៤ ៨៩៨,៨តោន និងបានគាំទ្រកំណើនតម្លៃមាសជាមធ្យមនៅឆ្នាំ២០២៣ ឱ្យកើនឡើងដល់កម្រិតខ្ពស់បំផុត ១ ៩៤០,៥៤ដុល្លារក្នុងមួយអោន (៨,៣ជី)។

តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុត ២ ១៣៥,៤ដុល្លារក្នុងមួយអោនក្នុងខែធ្នូ ឆ្នាំ២០២៣ ហើយបានរក្សាតម្លៃលើស ២ ០០០ដុល្លាររហូតមកដល់ពេលនេះ។ ការស្ទង់មតិចុងក្រោយដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័ររំពឹងថា លោហៈមានតម្លៃនេះជាមធ្យមនឹងមានតម្លៃ ២ ០៥៣,៥ដុល្លារក្នុងមួយអោននៅឆ្នាំ២០២៤។

ក្រុមប្រឹក្សា WGC បានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា បើទោះបីជាកម្រិតទិញមាសរបស់ធនាគារកណ្តាលបានធ្វើបន្តពីឆ្នាំ២០២២ «ក្នុងកម្រិតខ្លាំង» ក៏ដោយ ក៏តម្រូវការមាសពីវិស័យធនាគារកណ្តាលនៅឆ្នាំ២០២៣ បានធ្លាក់ចុះ ៤% ដែរធៀបនឹងឆ្នាំ២០២២ ដល់ ១ ០៣៧,៤តោន។

លោក John Reade អ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមប្រឹក្សា WGC បានប្រាប់រ៉យទ័រថា៖ «ទោះបីជាវាមិនខ្លាំងដូចកាលពីឆ្នាំ២០២២ ក៏ដោយ ក៏វាមានកម្រិតខ្ពស់ជាងមុនឆ្នាំ២០២២ ហើយវាលើសពីការរំពឹងទុករបស់យើង»។ លោកបន្ថែមថា៖ «វាជាលេខគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់»។

ការទិញមានពីធនាគារកណ្តាលរបស់ប្រទេសនៅទូទាំងពិភពលោកត្រូវបានរំពឹងថានឹងធ្លាក់ចុះប្រហែល ២០០តោនក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅតែមានកម្រិតខ្ពស់ជាងមុនឆ្នាំ២០២២៕