​(ភ្នំពេញ)៖​ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលលុយតាមបណ្តាញនានា គ្រប់ទម្រង់ ដែលគ្មានការអនុញ្ញាត គឺជាសកម្មភាពនៃការបោកប្រាស់ និងជាអំពើខុសច្បាប់។

ថ្លែងនៅក្នុងកម្មវិធី FRESH BUSINESS របស់បណ្តាញព័ត៌មាន Fresh News ពិភាក្សាលើប្រធានបទ៖ «ការកៀរគរមូលធនយកទៅវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា» ​លោក ស៊ូ សុជាតិបានកត់សម្គាល់ថា មានជនខិលខូចមួយចំនួន បានធ្វើសកម្មភាពប្រមូលលុយជាបណ្តាញ ​តាមរយៈការបង្កើតក្រុមតេលេក្រាមជាដើម។

​លោកបញ្ជាក់ថា សកម្មភាពនេះ គឺជាទម្រង់នៃការបោកប្រាស់មួយ។ ចំពោះករណីនេះ និយ័តករមូលបត្រកម្ពុជា បាននិងកំពុងតាមឃ្លាំងមើល និងចាត់វិធានការ ដើម្បីបង្ការ ​កុំឱ្យប្រជាពលរដ្ឋចាញ់បោកគេ។

លោកបានឱ្យដឹងបន្ថែមថា និយ័តករមូលបត្រកម្ពុជានឹងបន្តការស៊ើបអង្កេត និងតាមដានថា​ពីឬសគល់​ពីករណីនេះ តាមរយៈការសហការជាមួយអន្តរស្ថាប័ន ដើម្បីធ្វើការងារនេះ។ ប្រសិនបើរកឃើញករណីជាក់ស្តែង សមត្ថកិច្ច នឹងបង្រ្កាបភ្លាមៗ។ ចំពោះករណីនេះ កន្លងមកក្រសួងមហាផ្ទៃក៏ធ្លាប់បង្រ្កាបបានភ្លាមៗផងដែរ។

​លោកលើកឡើងថា សម្រាប់សាធារណជនបើសិនជាបានដឹងពីករណីនេះ អាចផ្តល់ព័ត៌មានមកនិយ័តករមូលបត្រកម្ពុជា ឬអាចដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅដល់ការចាត់វិធានការ៕