(ភ្នំពេញ)៖​ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ការបោះផ្សាយមូលបត្រទាំងឡាយណា ដែលគ្មាន​ច្បាប់អនុញ្ញាត គឺជាទោសព្រហ្មទណ្ឌ ព្រោះករណីបោះផ្សាយមូលបត្រស្ងាត់ៗ អាចជាករណីឆបោក។

លោក ស៊ូ សុជាតិ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុង FRESH BUSINESS របស់បណ្តាញព័ត៌មាន Fresh News ពិភាក្សាលើប្រធានបទ៖ «ការកៀរគរមូលធនយកទៅវិនិយោគ ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា»

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការបោះផ្សាយភាគហ៊ុនលក់ជាសាធារណៈ ត្រូវតែមានការអនុញ្ញាត បើមានករណីកើតឡើងមែន។ ឧទាហរណ៍ ការលក់ហ៊ុនដោយស្ងាត់ៗ គឺជាការបោកប្រាស់ ហើយអ្នកដែលរៀបចំ គឺដើម្បីធ្វើនូវអំពើឡាយណា ដែលយើងអាចចាត់ទុកថា ជាការបោកប្រាស់ហើយ។ អ៊ីចឹងហើយបានជាពួកយើងខ្ញុំប្រាប់ថា បើឃើញគេមកលក់ស្ងាត់ៗ អត់ដឹងគេមកពីណា ហើយគ្រាន់តែដាក់លុយប៉ុននេះ ហើយចំណេញប៉ុននោះ សូមកុំឱ្យជឿ»

តែយ៉ាងណាលោកបញ្ជាក់ នាពេលបច្ចុប្បន្ននេះ មិនមានក្រុមហ៊ុនដែលបោះផ្សាយមូលបត្រ ដោយគ្មានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជានោះ ដោយសារបច្ចុប្បន្ននេះ ​ក្រុមហ៊ុននានាមានការយល់ដឹងពីច្បាប់ច្រើន ​ហេតុដូច្នេះហើយមិនអាចដើររំលងលើចំណុចបានទេ៕