(តូក្យូ)៖ ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន (JAMA) បានបង្ហាញកាលពីថ្ងៃពុធថា ចិនបានវ៉ាដាច់ប្រទេសជប៉ុនក្លាយជាអ្នកនាំចេញរថយន្តដ៏ធំបំផុតក្នុងពិភពលោកកាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុនថា ប្រទេសជប៉ុនបាននាំចេញរថយន្តចំនួន ៤,៤២លានគ្រឿងក្នុងឆ្នាំ២០២៣ ខណៈដែលសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានរាយការណ៍ក្នុងខែនេះថា ប្រទេសចិនបាននាំចេញចំនួន ៤,៩១លានគ្រឿង។

ទោះយ៉ាងណា ការិយាល័យគយរបស់ប្រទេសចិនបានរាយការណ៍តួលេខនាំចេញខ្ពស់ជាងនេះដោយបានបង្ហាញថា ការនាំចេញរថយន្តមានចំនួន ៥,២២លានគ្រឿងដែលកើនឡើងយ៉ាងខ្លាំងគឺ ៥៨% បើធៀបនឹងឆ្នាំ២០២២។

មិនដូចក្រុមហ៊ុនចិន ក្រុមហ៊ុនផលិតរថយន្តជប៉ុន រួមទាំងក្រុមហ៊ុន Toyota ដែលបានគ្រងដំណែងជាថ្មីកាលពីថ្ងៃអង្គារក្លាយជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតក្នុងពិភពលោកបើគិតពីចំនួនលក់ ក៏ផលិតរថយន្តយ៉ាងច្រើននៅក្នុងប្រទេសផ្សេងទៀតផងដែរ។

វិស័យរថយន្តរបស់ប្រទេសចិនបានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយផ្នែកធំដោយសារតែការវិនិយោគយ៉ាងច្រើននៅក្នុងរថយន្តអគ្គិសនី ពោលគឺជាវិស័យមួយដែលក្រុមហ៊ុនជប៉ុនមានការប្រុងប្រយ័ត្នជាងចិន។

ក្រុមហ៊ុនផលិតរបស់ជប៉ុនបានផ្តោតជាយូរមកហើយលើរថយន្តកូនកាត់ដែលរួមបញ្ចូលគ្នានូវថាមពលអាគុយ និងម៉ាស៊ីនចំហេះខាងក្នុង ដែលជាវិស័យមួយដែលក្រុមហ៊ុនជប៉ុនបានលេចធ្លោជាមួយនឹងរថយន្ត Toyota Prius។

ក្រុមហ៊ុនចិន BYD ក្នុងខែនេះដណ្តើមបានមកុដរបស់ក្រុមហ៊ុន Tesla ក្នុងនាមជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេ ដោយទាញយកប្រយោជន៍ពីការគាំទ្ររដ្ឋាភិបាលចិនសម្រាប់វិស័យដែលកំពុងរីកចម្រើននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕