(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ថៃរំពឹងថានឹងនាំចេញអង្ករបានចំនួន ៧,៥លានតោននៅឆ្នាំ២០២៤ ធ្លាក់ចុះ ១៤,៣៨% ធៀបនឹងឆ្នាំ២០២៣ ដោយសារការធ្លាក់ចុះផលិតកម្ម និងការកើនឡើងផ្នែកប្រកួតប្រជែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មថៃថា ផលិតកម្មស្រូវរំពឹងថានឹងធ្លាក់ចុះ ៥,៨៧% នៅឆ្នាំ២០២៤ ដែលរងផលប៉ះពាល់ដោយបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino)។

ដោយលើកឡើងពីការរំពឹងទុកថានឹងមានការផ្គត់ផ្គង់ពិភពលោកកាន់តែច្រើន និងការធ្លាក់ចុះការនាំចូលពីប្រទេសជាដៃគូពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ការនាំចេញអង្ករពីប្រទេសថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២ ក្នុងពិភពលោក «ប្រឈមនឹងការប្រកួតប្រជែង និងបញ្ហាប្រឈមជាច្រើន»។

ក្រសួងបានបន្ថែមដោយមិនបានផ្តល់ព័ត៌មានលម្អិតថា ការនាំចេញអង្កររបស់ថៃនៅក្នុងខែមករាបានកើនឡើងយ៉ាងគំហុក ពោលគឺកើនឡើងប្រហែល ៤៤% ធៀបនឹងខែមករា ឆ្នាំ២០២៣ ដល់ ១,១២លានតោន ហើយប្រទេសឥណ្ឌូណេស៊ីក៏អាចនឹងទិញអង្ករថៃតិចជាងឆ្នាំមុនផងដែរដោយសារស្តុកអង្ករនៅសល់ច្រើន ខណៈដែលឥណ្ឌាដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោកអាចនឹងដកបម្រាមនាំចេញរបស់ខ្លួន។

រដ្ឋាភិបាលថៃកាលពីខែធ្នូបានឱ្យដឹងថា ឥណ្ឌូណេស៊ីកំពុងស្វែងរកទិញអង្ករថៃចំនួន ២លានតោនក្នុងឆ្នាំ ២០២៤។ យោងតាមក្រសួងពាណិជ្ជកម្មថៃ នៅឆ្នាំ២០២៣ ការនាំចេញអង្កររបស់ប្រទេសថៃបានកើនឡើង ១៣,៦% ធៀបនឹងឆ្នាំ២០២៣ ដល់ ៨,៧៦លានតោនពោលគឺខ្ពស់ជាងទិសដៅនាំចេញដែលមានតែ ៨លានតោន ស្របពេលដែលតម្លៃកើនឡើង ២៨,៤% ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕