(ភ្នំពេញ)៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសបន្តជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការដាក់ឱ្យដំណើរការនូវគម្រោងធានាឥណទាន ឯកត្តឥណទានចំនួន ៣គម្រោង និងគម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោងទៀត ព្រមទាំងគម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាព របស់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

ការសម្រេចបន្តជួយដល់សហគ្រាសខ្នាតតូចនិងមធ្យមនេះ គឺជាបេសកកម្មចម្បង ក្នុងការផ្តល់ការធានាឥណទានទៅដល់គោលដៅទាំងអស់ ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមក្នុងការចាប់ផ្តើមដំណើរការ និងការពង្រីកអាជីវកម្មរបស់សគ្រាសខ្នាតតូច និងមធ្យមផងដែរ។

ថ្លែងនៅក្នុងសន្និបាតប្រចាំឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមប្រធានបទ «ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម» និងការសម្ពោធជាផ្លូវការ «CGCC ជាបុគ្គលធានាលើការបោះផ្សាយ សញ្ញាប័ណ្ណដំបូងគេរបស់កម្ពុជា» នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក Wong Keet Loong អគ្គនាយក CGCC បានឱ្យដឹងថា CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បង ក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម ។

លោកបន្តថា CGCC បានដាក់ឱ្យដំណើរការ គម្រោងធានាឥណទាន ឯកត្តឥណទានចំនួន ៣គម្រោង, គម្រោងធានាឥណទានជាកញ្ចប់ចំនួន ៦គម្រោង, គម្រោងធានាឥណទានលើការបោះផ្សាយសញ្ញាប័ណ្ណ និងកម្មវិធីកសាងសមត្ថភាពរបស់សហគ្រាសខ្នាតតូច និងមធ្យម។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ខណៈដែលនិម្មាបនកម្មសេដ្ឋកិច្ចសកលកំពុងប្រែប្រួល CGCC មានតួនាទីសំខាន់ ក្នុងការគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម ឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ សម្រាប់ការចាប់យកឱកាសពង្រីកការវិនិយោគ បង្កើនការងារ និងប្រាក់ចំណូល សំដៅជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា នៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ខាងមុខ។

លោកបន្តថា CGCC ក៏ត្រូវត្រៀមខ្លួនចូលរួមគាំទ្រ ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើពិពិធកម្មធានាឥណទាន ទៅកាន់ការធានាលើការបោះផ្សាយសញ្ញាប័ណ្ណ ដើម្បីជួយបង្កើនកម្រិតឥណទាន របស់ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណក្នុងស្រុក ឱ្យមានលទ្ធភាពកៀរគរនូវមូលធន តាមរយៈការបោះផ្សាយសញ្ញាប័ណ្ណ នៅលើផ្សារមូលបត្រកម្ពុជា។

ជាមួយគ្នានេះ CGCC ក៏ដើរតួនាទីក្នុងការអភិវឌ្ឍន៍យន្តការធានាឥណទាន ដែលនាំឱ្យមានការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុ ដែលអាចចូលរួមគាំទ្រដល់ការធ្វើពិពិធកកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីប្រតិបត្តិការរយៈពេល៣ឆ្នាំ CGCC បានអនុម័តការធានាឥណទានលើកម្ចីចំនួន ១៦៤,៧២លានដុល្លារ ជូនអាជីវកម្មប្រមាណជិត ២ពាន់អាជីវកម្ម ទូទាំងប្រទេស ដែលអាជីវកម្មទាំងនោះ បានផ្តល់ឱកាសការងារជូនដល់កម្មករនិយោជិតជាង ៥២ ០០០នាក់៕