(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor បានលក់រថយន្តចំនួន ១១,២លានគ្រឿងក្នុងឆ្នាំ២០២៣ ដោយបានគ្រងដំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតក្នុងពិភពលោកក្នុងរយៈពេល ៤ឆ្នាំជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានរាយការណ៍ថា ការលក់រថយន្តសរុបនៅទូទាំងពិភពលោកបានកើនឡើង ៧,២ភាគរយ កាលពីឆ្នាំមុន រួមទាំងការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu ដែលបានជួយជំរុញដោយការលក់នៅក្រៅប្រទេសមានចំនួន ៨,៩លានគ្រឿង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ទី២ ដោយបានរាយការណ៍នៅដើមខែនេះថា ការលក់រថយន្តបានកើនឡើង ១២ភាគរយកាលពីឆ្នាំមុនដល់ ៩,២លានគ្រឿង ដែលជាការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ក្រោយជំងឺរាតត្បាតដោយសារការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់បានធូរស្រាល។

បើគិតតែលើការលក់រថយន្តរបស់ក្រុមហ៊ុនមេ Toyota ដែលរួមមានរថយន្តម៉ាក Toyota និង Lexus ការលក់បានកើនឡើងដល់ទៅ ១០,៣ លានគ្រឿងក្នុងឆ្នាំ២០២៣។

រថយន្តកូនកាត់សាំងអគ្គិសនី មានចំនួនប្រហែលមួយភាគបីនៃការលក់សរុប ហើយរថយន្តអគ្គិសនីមានតិចជាង ១ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕