(បាងកក)៖ ប្រាក់បាតរបស់ប្រទេសថៃនៅខែមករានេះអាចនឹងជួបការធ្លាក់ថ្លៃខ្លាំងបំផុតគិតចាប់ពីឆ្នាំ២០២០មក ក្រោយពីបានធ្លាក់ចុះជិត ៤% ធៀបនឹងប្រាក់ដុល្លារ ហើយភាពអាចកើតមានលំហូរមូលធនចេញនៅពេលខាងមុខអាចដាក់បន្ទុកបន្ថែមទៀតចំពោះតម្លៃរូបិយប័ណ្ណនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ប្រាក់បាតគឺជារូបិយប័ណ្ណដែលល្អបំផុតនៅអាស៊ីកំពុងអភិវឌ្ឍន៍នៅត្រីមាសទី៤ ឆ្នាំមុនតែកំពុងដើរឆ្ពោះទៅរកការក្លាយជារូបិយប័ណ្ណដែលធ្លាក់ថ្លៃខ្លាំងបំផុតនៅឆ្នាំនេះ ខណៈដែលមូលនិធិសកលបានងាកចេញពីទ្រព្យសកម្មរបស់ថៃក្នុងគ្រាដែលមានការជជែកដេញដោលគ្នារវាងរដ្ឋាភិបាល និងធនាគារកណ្តាលថៃពាក់ព័ន្ធនឹងវិធានការជំរុញសេដ្ឋកិច្ចថៃដែលកំពុងជួបការលំបា។

យោងតាមកាសែតបាងកកប៉ុស្តិ៍ លោក Julapun Amornvivat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានថ្លែងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលថៃព្រួយបារម្ភថា អត្រាការប្រាក់ដែលបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ១០ឆ្នាំកំពុងរារាំងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីធនាគារកណ្តាលថៃបានរុញចោលការអំពាវនាវរបស់រដ្ឋាភិបាលឱ្យកាត់បន្ថយអត្រាការប្រាក់ដោយនិយាយថា ការទម្លាក់អត្រាការប្រាក់មិនអាចដោះស្រាយបញ្ហារចនាសម្ព័ន្ធក្នុងសេដ្ឋកិច្ចថៃបានទេ។

លោក Alvin Tan ប្រធានយុទ្ធសាស្រ្តនៃក្រុមហ៊ុន Asia FX នៅ RBC Capital Markets ក្នុងប្រទេសសិង្ហបុរីបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប្រាក់បាតនឹងបន្តរងសម្ពាធពីប្រតិកម្មនយោបាយដែលកំពុងកើនឡើងប្រឆាំងនឹងកម្រិតអត្រាការប្រាក់គោលនយោបាយបច្ចុប្បន្ន។

នៅសប្តាហ៍មុន ប្រាក់បាតត្រូវបានជួញដូរក្នុងតម្លៃ ៣៥,៦៣បាតក្នុងមួយដុល្លារ។

លំហូរចេញភាគហ៊ុនសុទ្ធដោយវិនិយោគិនបរទេសមានចំនួនសរុប ៨០៨លានដុល្លារនៅឆ្នាំនេះ ខណៈដែលសន្ទស្សន៍ភាគហ៊ុនគោលបានធ្លាក់ចុះដល់កម្រិតទាបរយៈពេលបីឆ្នាំកាលពីសប្តាហ៍មុនក្នុងគ្រាពេលមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច។ មូលបត្របំណុលរបស់ប្រទេសថៃមិនមានភាពទាក់ទាញនោះទេ ខណៈដែលទីផ្សារបានមើលឃើញលំហូរចេញបន្ទាប់ពីកើតមានការបរាជ័យសងបំណុលនាពេលថ្មីៗនេះ ហើយរឿងអាស្រូវគណនេយ្យដ៏ធំមួយបានប៉ះពាល់ដល់អារម្មណ៍របស់ក្រុមវិនិយោគិន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕