(ហុងកុង)៖ តុលាការក្រុងហុងកុងនៅថ្ងៃចន្ទសប្តាហ៍នេះបានបង្គាប់ឱ្យរំលាយក្រុមហ៊ុន China Evergrande Group ជាចំណាត់ការមួយដែលទំនងជានឹងប៉ះពាល់ទីផ្សារហិរញ្ញវត្ថុដែលកំពុងជួបបញ្ហារបស់ប្រទេសចិន នៅពេលដែលអ្នកបង្កើតគោលនយោបាយកំពុងពុះពារទប់ស្កាត់វិបត្តិដែលកំពុងកើតមានកាន់តែខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អ្នកស្រី Linda Chan ចៅក្រមនៃតុលាការក្រុងហុងកុងបានសម្រេចចិត្តរំលាយក្រុមហ៊ុនអភិវឌ្ឍន៍ដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោកមួយនេះដែលមានបំណុលសរុបជាង ៣០០ពាន់លានដុល្លារ បន្ទាប់ពីបានកត់សម្គាល់ថា ក្រុមហ៊ុន Evergrande គ្មានលទ្ធភាពផ្តល់ផែនការរៀបចំបំណុលឡើងវិញបាន បើទោះបីជាមានការពន្យារពេលជាច្រើនខែ និងមានសវនាការតុលាការជាច្រើនដងក៏ដោយ។

អ្នកស្រី Chan ដែលនឹងផ្តល់ហេតុផលលម្អិតនៅពេលបន្ទាប់បានប្រសាសន៍ថា៖ «ដល់ពេលដែលតុលាការនិយាយថា គ្រប់គ្រាន់គឺគ្រប់គ្រាន់ហើយ»។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Siu Shawn នាយកប្រតិបត្តិក្រុមហ៊ុន Evergrande បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា ក្រុមហ៊ុននឹងធានាថា គម្រោងសាងសង់ផ្ទះនឹងនៅតែត្រូវបានធ្វើឡើង ទោះបីជាមានការសាលក្រមឱ្យរំលាយក្រុមហ៊ុនក៏ដោយ។ លោកបានបន្ថែមថា សាលក្រមតុលាការនេះនឹងមិនប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គភាពនៅក្រៅប្រទេស និងក្នុងប្រទេសរបស់ក្រុមហ៊ុន Evergrande នោះទេ។

ការសម្រេចចិត្តរំលាយក្រុមហ៊ុននេះនឹងបង្កើតឱ្យមានដំណាក់កាលមួយដែលត្រូវបានគេរំពឹងថានឹងជាដំណើរការដ៏វែងឆ្ងាយ និងស្មុគស្មាញ រួមជាមួយនឹងភាពអាចពាក់ព័ន្ធនឹងនយោបាយផងដែរដោយសារមានការពាក់ព័ន្ធនឹងអាជ្ញាធរជាច្រើន។

ក្រុមវិនិយោគិនៅក្រៅប្រទេសនឹងផ្តោតការយកចិត្តទុកដាក់លើរបៀបដែលអាជ្ញាធរចិនប្រព្រឹត្តចំពោះម្ចាស់បំណុលបរទេសនៅពេលដែលក្រុមហ៊ុនក្ស័យធន។

លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់មកពីក្រុមហ៊ុន Natixis បានប្រាក់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វាមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមដំណើរការរំលាយក្រុមហ៊ុនដែលនឹងអូសបន្លាយពេលយូរ ដែលនឹងធ្វើឱ្យប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន Evergrande កាន់តែពិបាក»។

លោកថ្លែងថា៖ «ដោយសារទ្រព្យសកម្មភាគច្រើនរបស់ក្រុមហ៊ុន Evergrande ស្ថិតនៅក្នុងប្រទេសចិនដីគោក មានភាពមិនច្បាស់លាស់អំពីរបៀបដែលម្ចាស់បំណុលអាចរឹបអូសទ្រព្យសម្បត្តិនិងចំណាត់ថ្នាក់នៃការទូទាត់សងរបស់ម្ចាស់បំណុលនៅបរទេស ហើយស្ថានភាពអាចកាន់តែអាក្រក់ថែមទៀតសម្រាប់ម្ចាស់ភាគហ៊ុន»។

ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande ធ្លាក់ថ្លៃ ២០ភាគរយមុនពេលតុលាការចេញផ្សាយសាលក្រមនេះ។ ការជួញដូរត្រូវបានបញ្ឈប់ចំពោះភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានចុះបញ្ជីរបស់ក្រុមហ៊ុន China Evergrande គឺក្រុមហ៊ុន New Energy Vehicle Group និងក្រុមហ៊ុន Evergrande Property Services បន្ទាប់ពីចេញផ្សាយសាលក្រមនេះ៕