(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួន​ បានធ្វើឱ្យកំណើនឥណទាននៅកម្ពុជាបានថមថយមកត្រឹម ៤.៨% ដែលជាអត្រាទាបបំផុតក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ ដែលចេញផ្សាយដោយធនាគារជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ។

ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ទន្ទឹមនឹងការងើបឡើងនៃសេដ្ឋកិច្ច ប្រព័ន្ធធនាគារដែលបន្តគ្របដណ្តប់វិស័យហិរញ្ញវត្ថុ ​បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសេដ្ឋកិច្ចចម្បងៗផងដែរ បើទោះបីល្បឿនកំណើនឥណទានបានថមថយក៏ដោយ។

​បើតាមធនាគារជាតិ ឥណទានគ្រឹះស្ថានធនាគារទៅកាន់វិស័យសណ្ឋាគារនិងភោជនីយដ្ឋានកើនឡើង ០.៦% ខណៈដែលការជួញដូរដុំកើន ៤.៨%, ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនកើន ៦.៤%, ការជួញដូរអចលនទ្រព្យកើន ១៦.៩% និងសំណង់កើន ១៣.៩%។

ធនាគារជាតិបន្តថា «ក្នុងស្ថានភាពនេះ បទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនត្រូវបានអនុគ្រោះ ដើម្បីផ្ដល់លទ្ធភាពបន្ថែមដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការជួយទ្រទ្រង់វិស័យដែលត្រូវការហិរញ្ញប្បទានដើម្បីរក្សានិរន្តរភាព និងពង្រីកការវិនិយោគ»។

ធនាគារជាតិបន្ថែមថា «ការពន្យារពេលអនុវត្តការបង្កើនអត្រាប្រាក់បម្រុងកាតព្វកិច្ចជាដុល្លារអាមេរិកនិងបទប្បញ្ញត្តិផ្សេងៗ បានផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសន្ទនីយភាពបន្ថែមប្រមាណ ១.២ ប៊ីលានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានទៅវិស័យអាទិភាព។

ក្រៅពីនេះ ប្រព័ន្ធធនាគារបាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុស្ត្រី និងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣​ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ចមានចំនួន ២៣៨.៧ទ្រីលានរៀល ឬស្មើនឹង ៥៧.៨ប៊ីលានដុល្លារអាមេរិក កើនឡើង១០.៥% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២​៕