(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការរក្សាស្ថិរភាពតម្លៃប្រាក់រៀល នឹងបន្តជាជម្រើសនយោបាយសមស្រប ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា នឹងត្រូវបន្តអនុវត្តនយោបាយរូបិយវត្ថុ ផ្អែកលើការរក្សាអត្រាប្ដូរប្រាក់ ក្រោមរបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដោយគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុ ឲ្យស្ថិតក្នុងកម្រិតសមស្រប និងធ្វើអន្តរាគមន៍ តាមការចាំបាច់ ផ្អែកតាមស្ថានភាពទីផ្សារ។

ដើម្បីថែរក្សាតម្លៃប្រាក់រៀល លោកស្រីបណ្ឌិត ជា សិរី សូមស្នើឲ្យមានការចូលរួមកាន់តែសកម្មលើ៖
* ការបន្តអនុវត្តវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ ពីគ្រប់មជ្ឈដ្ឋាន
* ការអភិវឌ្ឍឧបករណ៍នយោបាយរូបិយវត្ថុ ទីផ្សារប្តូរប្រាក់ និងទីផ្សារអន្តរធនាគារ និង
* ការអភិវឌ្ឍក្របខណ្ឌនយោបាយរូបិយវត្ថុ ដោយបង្កើតឲ្យមានអត្រាការប្រាក់គោល របស់ធនាគារកណ្តាល ដើម្បីតម្រង់ទិសអត្រាការប្រាក់ជារៀល របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

អត្រាប្តូរប្រាក់ជាមធ្យមមានកម្រិត ៤,១១០រៀល​ ក្នុងមួយដុល្លារអាមេរិក ហើយនៅចុងខែធ្នូ ឆ្នាំ២០២៣ អត្រាប្ដូរប្រាកដបានថយចុះបន្តិចមក ៤,០៨១រៀល ក្នុងមួយដុល្លារអាមេរិក ដែលមានន័យថា តម្លៃប្រាក់រៀលឡើងថ្លៃ ០.៨៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។

ស្ថិរភាពប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពថ្លៃអំណាចទិញ របស់ប្រាក់រៀល ក៏ដូចជាចំណូលអ្នកប្រើប្រាស់ និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជារួម។

លទ្ធផលនេះ សម្រេចបានតាមរយៈការអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន ដោយធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍ទិញប្រាក់រៀល នៅលើទីផ្សារប្តូរប្រាក់ ៥៧៣ ប៊ីលានរៀល (១៣៩.១លានដុល្លារអាមេរិក) និងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ ដើម្បីស្រូបយកប្រាក់រៀល លើសប្រមាណ ១៥.២ ទីលានរៀល (៣.៧ប៊ីលានដុល្លារអាមេរិក) ពីក្នុងសេដ្ឋកិច្ច និងការផ្គត់ផ្គង់រូបិយវត្ថុ ក្នុងកម្រិតសមស្រប៕