(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធនឹង គ្រីបតូ ឡើយ ដើម្បីទប់ស្កាត់ហានិភ័យ ដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «ទ្រព្យសកម្មគ្រីបតូ គឺជាទ្រព្យសកម្មឌីជីថល ដែលមិនមានប្រភពច្បាស់លាស់ និងមានហានិភ័យខ្ពស់ ហើយធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានប្រតិបត្តិការពាក់ព័ន្ធ នឹងគ្រីបតូឡើយ ដើម្បីទប់ស្កាត់ហានិភ័យដល់សាធារណជន ដែលអាចងាយរងការឆបោក និងការខាតបង់ផ្សេងៗ»

លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ប្លុកឆេន គឺជាបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលយើងអាចប្រើប្រាស់ សម្រាប់អភិវឌ្ឍប្រព័ន្ធទូទាត់ ឲ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃទាប ដូចជាប្រព័ន្ធបាគង ដែលបានក្លាយជាប្រព័ន្ធទូទាត់កន្លោង សម្រាប់សម្រួលដល់ការទូទាត់អន្តរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការទូទាត់ឆ្លងប្រទេសផងដែរ។

ប្រព័ន្ធទូទាត់សងប្រាក់កម្ពុជា បាននិងកំពុងចាប់យកកាលានុវត្តភាព និងទាញយកសក្តានុពល ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលបានធ្វើឲ្យការទូទាត់ កាន់តែមាន ប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា នឹងបន្តជំរុញអន្តរប្រតិបត្តិការ និងការតភ្ជាប់នៃប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រសិទ្ធភាពប្រព័ន្ធទូទាត់ និងសមាហរណកម្មក្នុងតំបន់ និងពិភពលោកសំដៅរួមចំណែកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វរប្រាក់ពីក្រៅប្រទេស។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីបណ្ឌិត ជា សិរី។

លោកស្រីបណ្ឌិតបានឲ្យដឹងថា ជាមួយនឹងនវានុវត្តន៍ នៃប្រព័ន្ធទូទាត់អេឡិចត្រូនិក យើងក៏ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងប្រព័ន្ធការពារសុវត្ថិភាពបច្ចេកវិទ្យា និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ ឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីធានាដំណើរការដោយពិលាស នៃសេវាហិរញ្ញវត្ថុឌីជីថល ពង្រឹងជំនឿទុកចិត្តរបស់សាធារណជន និងរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ។

សូមជម្រាបថា បើតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានបញ្ជាក់ថា ការជួញដូរទ្រព្យគ្រីបតូ ដូចជា Bitcoin, Ethereum, ឬ Dogecoin ជាដើម វាប្រៀបប្រដូចការជួញដូរទ្រព្យគ្រីបតូទាំងនេះ ទៅរបៀបរកប្រាក់ដោយភ្នាល់ល្បែងស៊ីសង ដែលគ្មានច្បាប់គ្រប់គ្រង។

ទ្រព្យគ្រីបតូ មិនមានតម្លៃណាមួយ ដែលអាចកំណត់ ដោយយន្តការជាក់លាក់ទេ តែថ្លៃរបស់ទ្រព្យគ្រីបតូ តែងឡើងចុះខ្លាំងអាស្រ័យ លើអារម្មណ៍អ្នកទិញ-លក់ និងក្រុមវិនិយោគិនឆ្មក់ឱកាស ឬសូម្បីព័ត៌មាន មិនមានមូលដ្ឋានច្បាស់លាស់ តាមបណ្តាញសង្គម។ ដូច្នេះ អ្នកទិញទ្រព្យគ្រីបតូ ត្រូវប្រឈមនឹងហានិភ័យខ្ពស់ ហើយអាចឈានដល់ការខាតបង់ប្រាក់ទាំងស្រុង៕