(ហាណូយ)៖ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (MoIT) វៀតណាបានរាយការណ៍ថា ក្រុមហ៊ុននាំចេញចំនួន១៦១ បានទទួលវិញ្ញាបនបត្រដែលមានសិទ្ធិនាំចេញអង្ករទៅក្រៅប្រទេសគិតត្រឹមថ្ងៃទី២២ ខែមករា។ ចំនួននេះបានធ្លាក់ចុះបើធៀបនឹងចំនួនដែលបានចេញផ្សាយនៅពាក់កណ្តាលឆ្នាំ២០២៣ នេះបើយោងតាមកាសែត Vietnam News។

កាសែត Vietnam News បានរាយការណ៍ថា ទីក្រុងហូជីមិញមានចំនួនច្រើនជាងគេគឺ ៣៦ក្រុមហ៊ុន តែតិចជាងចំនួនដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំមុន បន្ទាប់មកគឺទីក្រុងកាន់ថូដែលមាន ៣៤ក្រុមហ៊ុន ខេត្តឡុងអានមាន ២២ក្រុមហ៊ុន ខេត្តដុងថាប មាន ១៥ក្រុមហ៊ុន និងខេត្តអានយ៉ាងមាន ១៤ក្រុមហ៊ុន។

ខេត្តខ្លះមានក្រុមហ៊ុននាំចេញដែលមានការទទួលស្គាល់តែមួយប៉ុណ្ណោះ រួមមានខេត្តហាណាម ខេត្តហូវយ៉ាង ខេត្តខាញហាវ ខេត្តឡាងសឺន និងខេត្តថាញហាវ។

យោងតាមកាសែត Vietnam News ស្ថិតិដែលចេញផ្សាយដោយទីភ្នាក់ងារពាណិជ្ជកម្មបរទេសបង្ហាញថា ចំនួនក្រុមហ៊ុនដែលមានសិទ្ធិនាំចេញអង្ករក្នុងបញ្ជីចុងក្រោយនេះបានថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងបញ្ជីនៅខែសីហាឆ្នាំ២០២៣ ដែលមានចំនួន ២១០ក្រុមហ៊ុនដែលក្រោយមកបានធ្លាក់ចុះមកនៅត្រឹម ១៧០ក្រុមហ៊ុននៅក្នុងខែតុលាឆ្នាំមុន។

ទីភ្នាក់ងារពាណិជ្ជកម្មបរទេសបានឱ្យដឹងថា នៅឆ្នាំ២០២៣ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានដើរតួនាទីប្រឹក្សាដ៏ល្អក្នុងអភិបាលកិច្ចនៃការនាំចេញអង្ករ ដែលជួយឱ្យទទួលបានលទ្ធផលនាំចេញជាវិជ្ជមាន ធានាតម្លៃខ្ពស់សម្រាប់កសិករ និងធានាសន្តិសុខស្បៀង។

កាលពីឆ្នាំមុន វៀតណាមបាននាំចេញអង្ករជាង ៨,១លានតោនដែលមានតម្លៃជិត ៤,៧ពាន់លានដុល្លារទៅបរទេសក្នុងគ្រាដែលមានការវិវឌ្ឍដ៏ស្មុគស្មាញក្នុងការជួញដូរអង្ករពិភពលោក រួមទាំងការរឹតបន្តឹងរបស់ប្រទេសជាច្រើនក្នុងការនាំចេញអង្ករផងដែរ។

ក្រុមអ្នកជំនាញបានព្យាករថា តម្លៃនាំចេញនឹងបន្តកើនឡើងនៅឆ្នាំ២០២៤ ដោយសារការផ្គត់ផ្គង់កាន់តែតិច ដែលជាលទ្ធផលនៃការរឹតបន្តឹងការនាំចេញដែលកំពុងបន្តរបស់ប្រទេសឥណ្ឌា និងការកើនឡើងតម្រូវការនាំចូលរបស់ប្រទេសជាច្រើនដូចជា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

សម្រាប់ឆ្នាំ២០២៤ វៀតណាមចង់រក្សាផ្ទៃដីដាំដុះចំនួន ៧,១លានហិចតា ផលិតស្រូវឱ្យបានជាង ៤៣លានតោននិងនាំចេញអង្ករបានជាង ៨លានតោន។ នេះបើយោងតាមកសែត Vietnam News៕