(ប៉េកាំង)៖ ប្រទេសចិនបានឱ្យដឹងថា ខ្លួននឹងកាត់បន្ថយអនុបាតប្រាក់បម្រុងកាតព្វកិច្ចសម្រាប់ធនាគារក្នុងរយៈពេល ២សប្តាហ៍ និងបានបង្ហើបឱ្យដឹងពីការដាក់ចេញវិធានការគាំទ្រសេដ្ឋកិច្ចបន្ថែមទៀត។ នេះគឺជាការប្រកាសឱ្យដឹងមុនដ៏កម្រដែលបង្ហាញពីភាពបន្ទាន់ដែលកំពុងកើនឡើងនៅទូទាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ស៊ី ជីនភីង ដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ស្កាត់ការធ្លាក់ថ្លៃផ្សារហ៊ុន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន ខណៈថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា អនុបាតប្រាក់បម្រុងកាតព្វកិច្ចដែលកំណត់បរិមាណសាច់ប្រាក់ដែលធនាគារត្រូវរក្សាទុកជាទុនបម្រុងនេះ នឹងត្រូវបានកាត់បន្ថយ ០,៥ភាគរយនៅថ្ងៃទី៥ ខែកុម្ភៈ។ តាមរយៈការកាត់បន្ថយនេះ ទីផ្សារនឹងទទួលបានទឹកប្រាក់ ១ពាន់ពាន់លានយន់ (១៣៩ពាន់លានដុល្លារ) ជាសាច់ប្រាក់ងាយស្រួលរយៈពេលវែង។

ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសនេះ និយតករនានារបស់ប្រទេសចិនបានដាក់ចេញវិធានការបន្ថែមទៀត ដើម្បីជំរុញទីផ្សារអចលនទ្រព្យ និងទីផ្សារភាគហ៊ុនដែលកំពុងធ្លាក់ចុះថ្លៃ។ និយតករទាំងនេះបានពង្រីកការប្រើប្រាស់ប្រាក់កម្ចីអចលនទ្រព្យពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីជួយក្រុមហ៊ុនទាំងនោះសងបំណុលផ្សេងទៀត ហើយបានជំរុញភាគហ៊ុននៅប្រទេសចិន និងទីក្រុងហុងកុង ដែលបង្ហាញពីជំហានឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងហិរញ្ញវត្ថុកាន់តែស៊ីជម្រៅជាមួយទីក្រុងហុងកុង។

ការប្រកាសអំពីការទម្លាក់អនុបាតប្រាក់បម្រុងកាតព្វកិច្ចធនាគារនេះបានបង្ហាញពីការប្រកាសដ៏កម្រនិងប្រកបដោយតម្លាភាពអំពីការផ្លាស់ប្តូរគោលនយោបាយដោយទេសាភិបាលធនាគារកណ្តាលចិន។ ជាធម្មតា ធនាគារកណ្តាលប្រកាសវិធានការណាមួយនៅលើគេហទំព័ររបស់ខ្លួនជាមុនសិន ហើយពេលខ្លះក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិនបានបង្ហើបឱ្យដឹងជាមុន។ ប៉ុន្តែទិន្នន័យសេដ្ឋកិច្ចដែលមានបញ្ហា និងការធ្លាក់ចុះយ៉ាងខ្លាំងនៃទីផ្សារភាគហ៊ុនបានជំរុញឱ្យអាជ្ញាធរបង្កើនវោហាសាស្ត្រនៅក្នុងសប្តាហ៍នេះ។ ការប្រកាសរបស់លោកទេសាភិបាល Pan បានធ្វើឡើងបន្ទាប់ពីមានការសន្យាថានឹងចាត់វិធានការពីស្ថាប័ននានារបស់រដ្ឋាភិបាលបន្ទាប់ពីមានការអំពាវនាវពីសំណាក់នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារ។

លោក Shen Meng នាយកគ្រប់គ្រងនៅក្រុមហ៊ុន Chanson & Co ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា៖ «ការប្រកាសពីការកាត់បន្ថយអនុបាតប្រាក់បម្រុងកាតព្វកិច្ចធនាគារ ជាមុននេះបង្ហាញថា មិនមានឧបករណ៍ដ៏មានប្រសិទ្ធភាពផ្សេងទៀតដែលអាចរកបានដើម្បីរារាំងការធ្លាក់ចុះទីផ្សារឡើយ»៕