(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃពុធថា លោកជឿថា សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតក្នុងវិបត្តិ ហើយរដ្ឋាភិបាលនឹងដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចថែមទៀតបន្ថែមលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ច។

លោក សេដ្ឋា ដែលក៏ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកខណៈថ្លែងទៅក្រុមអ្នកសារព័ត៌មានថា៖ «ខ្ញុំបញ្ជាក់ថា សេដ្ឋកិច្ចមិនដំណើរការល្អទេ និងកំពុងស្ថិតក្នុងវិបត្តិ»។ លោកបានបន្ថែមថា វាមិនជាបញ្ហាទេប្រសិនបើធនាគារកណ្តាលថៃ (BoT) មិនយល់ស្របជាមួយនឹងការមើលឃើញរបស់លោក។

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីរូបនេះបានធ្វើឡើងបន្ទាប់ពីទេសាភិបាលធនាគារកណ្តាលថៃ (BoT) លោក Sethaput Suthiwartnaruput បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា វិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃនឹងមិនដោះស្រាយបញ្ហារចនាសម្ព័ន្ធដែលកំពុងញាំញីសេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ចធំទីពីរក្នុតំបន់អាស៊ីអាគ្នេយ៍នោះទេ។

រដ្ឋាភិបាលថៃនៅសប្តាហ៍នេះបានកាត់បន្ថយការព្យាករកំណើនឆ្នាំ២០២៤ មកនៅត្រឹម ២,៨% ពីការព្យាករពីមុនដែលថាមានកំណើន ៣,២% ដោយសារការថមថយការនាំចេញ និងការធ្លាក់ចុះការមកដល់របស់ភ្ញៀវទេសចរបរទេស។

លោក Sethaput បានរងការរិះគន់ពីសំណាក់នាយករដ្ឋមន្ត្រីថៃចំពោះការមិនកាត់បន្ថយអត្រាការប្រាក់ បើទោះបីជាអតិផរណាមានកម្រិតទាបក៏ដោយ។

លោក សេដ្ឋា អតីតមហាសេដ្ឋីអចលនទ្រព្យដែលក្លាយជានាយករដ្ឋមន្ត្រី បានប្រាប់ប្រធានធនាគារកណ្តាលថៃថា អត្រាខ្ពស់កំពុងប៉ះពាល់ដល់អាជីវកម្ម និងបានជំរុញឱ្យធនាគារកណ្តាលទម្លាក់អត្រាការប្រាក់ដែលមានកម្រិតខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍ ២,៥%។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕