(ភ្នំពេញ)៖ លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) បានបញ្ជាក់ឲ្យដឹងថា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានព្យាករណ៍ថា ការលក់រថយន្តក្នុងឆ្នាំ២០២៤នេះ នឹងមានការកើនឡើងរង្វង់ប្រមាណ១៥% ដោយសារតែតម្រូវការ នៃការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ លោក សឿន ដារ៉ា បានបញ្ជាក់ថា «សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មានសុទិដ្ឋិនិយមសម្រាប់ការលក់រថយន្ត ក្នុងឆ្នាំ២០២៤ ដោយយើងព្យាករណ៍ថា ការលក់អាចនឹងកើនឡើងប្រមាណរង្វង់១៥% បើធៀបជាមួយឆ្នាំ២០២៣»

លោក សឿន ដារ៉ា បានលើកឡើងថា ការកើនឡើងនេះ ដោយសារតែតម្រូវការ នៃការប្រើប្រាស់រថយន្ត របស់ប្រជាពលរដ្ឋកម្ពុជា នៅមានកម្រិតខ្ពស់នៅឡើយ បូកផ្សំនឹងស្ថានភាពសេដ្ឋកិច្ចកម្ពុជារឹងមាំ និងនៅមានសន្ទុះខ្ពស់ ហេតុនេះ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ព្យាករណ៍ថា នឹងកើនឡើង ក្នុងឆ្នាំ២០២៤។

បន្ថែមពីនោះទៀត លោក សឿន ដារ៉ា បានឲ្យដឹងថា បើសិនសេដ្ឋកិច្ចសកល កាន់តែល្អប្រសើរនោះ កំណើននៃការលក់រថយន្ត នឹងលើសការព្យាករទុក។ សម្រាប់ឆ្នាំ២០២៤ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ព្យាករណ៍ថា រថយន្តថ្មីនឹងមានសន្ទុះកើនឡើងខ្ពស់ ខណៈរថយន្តជជុះ នឹងមានកំណើនតិចតួច គឺដោយសារ៖

* ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់យល់ដឹងពីអត្ថប្រយោជន៍របស់រថយន្តថ្មី គឺបន្ទាប់ពីទិញរថយន្តថ្មី ហើយមិនបារម្ភថារថយន្តមានបញ្ហា និងពុំមានការជួសជុលក្នុងរយៈពេល ៥ ឆ្នាំដំបូង។
* សម្រាប់តំលៃក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ
* ហើយគុណភាពធានាពីរោងចក្រជាមធ្យម៥ឆ្នាំ
* ជាមួយសេវាថែទាំ ក៏ដូចជាសេវាជួសជុល គ្រឿងបន្លាស់សុទ្ធពីរោងចក្រ
* ហើយបច្ចុប្បន្ន រថយន្តមួយចំនួនបានតំឡើងក្នុងស្រុក ហើយតម្លៃក៏ល្អប្រសើរជាងមុន។

ជាក់ស្ដែង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ក៏បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដោយមានការចូលរួម ពីសំណាក់សមាជិក សមាជិការបស់សហព័ន្ធផងដែរ។

កិច្ចប្រជុំបានបូកសរុប និងធ្វើការរាយការណ៍អំពីលទ្ធផល ដែលសម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងផែនការសកម្មភាព និងទិសដៅដែលបានអនុម័ត ដោយក្រុមប្រឹក្សាភិបាល សម្រាប់ការអនុវត្ត ក្នុងឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងចូលរួមជាមួយរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការអភិវឌ្ឍវិស័យយានយន្តក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកចំរើន ដូចបណ្តាប្រទេសក្នុងតំបន់។

ការរីកចម្រើន ក្នុងការអភិវឌ្ឍវិស័យយានយន្តនេះ គឺស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយបានកំណត់វិស័យយានយន្ត ជាវិស័យមួយ ក្នុងចំណោមវិស័យអាទិភាពសំខាន់ៗ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បើតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា, ថ្វីត្បិតអត្រា នៃការលក់រថយន្តក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះប្រមាណជាង២០% បើប្រៀបធៀបនឹងឆ្នាំកន្លងមក សន្ទុះនៃការវិនិយោគ លើរោងចក្រដំឡើងរថយន្ត និងក្រុមហ៊ុនចែកចាយរថយន្តថ្មី នៅតែបន្តមានសកម្មភាពវិនិយោគ និងពង្រីកសាខាចែកចាយរថយន្តថ្មី មានជាបន្តបន្ទាប់ និងបន្តកើនឡើងឥតឈប់ឈរ។

កត្តានេះ បង្ហាញពីសញ្ញាណវិជ្ជមាន នៃឧស្សាហកម្មយានយន្តកម្ពុជា ដែលកំពុងរីកចម្រើន និងបាននឹងកំពុងវិវឌ្ឍន៍ខ្លួន ពីប្រទេសនាំចូលរថយន្តពីបរទេសទាំងស្រុង មកក្លាយជាប្រទេសដែលអាចមានសមត្ថភាព ដំឡើងរថយន្តក្នុងស្រុកបានដោយខ្លួនឯង។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ក៏នឹងបន្តសហការជាមួយក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបន្តជំរុញការវិនិយោគផ្នែកយានយន្ត មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត និងធានាដល់ការប្រកួតប្រជែងស្មើភាពគ្នា ការនាំចូលយានយន្ត និងការបង់ពន្ធឲ្យមានតម្លាភាព។

បន្ថែមពីនោះទៀត គឺធានាដល់ការនាំចូលរថយន្ត ដោយគោរពតាមបទដ្ឋានបច្ចេកទេស ឬស្តង់ដារដើម្បីធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់ ការលើកទឹកចិត្តការនាំចូល យានយន្តអគ្គិសនី និងការវិនិយោគ លើបណ្តាញស្ថានីយ៍ បញ្ចូលថាមពល ក្នុងប្រទេសកម្ពុជាជាដើម៕