(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ដែលជាអ្នកជំនាញហិរញ្ញវត្ថុមួយរូបបានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធចែករំលែកឥណទាន CBC ​គឺមានប្រយោជន៍ណាស់សម្រាប់​សាធារណជន ស្ថាប័នហិរញ្ញវត្ថុ ​និងសម្រាប់សេដ្ឋកិច្ចប្រទេសជាតិទាំងមូល មិនថា​តែនៅកម្ពុជា ​និងនៅក្នុងពិភពលោកក្តី។

លោក អឿ សុធារ័ត្នការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃកេរ្តិ៍ឈ្មោះមិនល្អ (ខូច CBC) លើការប្រើប្រាស់សេវា គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោកបានលើកឡើង តាមរយៈប្រព័ន្ធ CBC ចំពោះអតិថិជនដែលមានប្រវត្តិល្អ ពួកគាត់​នឹងមានលទ្ធភាពទទួលបានកម្ចីកាន់តែខ្ពស់ ការអនុម័តរហ័ស ព្រមទាំងទទួលបានលក្ខខណ្ឌល្អជាងគេផងដែរ។

លោកបន្ថែមថា «ជាទូទៅយើងមើលទៅសាធារណជន នៅពេលដែលគាត់បង្កើតប្រវត្តិនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ប្រវត្តិនេះត្រូវបានផ្តល់ទៅដល់ស្ថាប័នហិរញ្ញវត្ថុ អីចឹងនៅពេលដែលស្ថាប័នហិរញ្ញវត្ថុ គាត់ឃើញប្រវត្តិអតិថិជន ប្រសិនបើជាប្រវត្តិល្អ គាត់អាចផ្តល់ឥណទានបានខ្ពស់ជាងមុន បើសិនជាប្រវត្តិមិនល្អ គាត់អាចកាត់បន្ថយទំហំឥណទានទៅតាមលទ្ធភាពសងរបស់សាធារណជន» ។​

ទន្ទឹមគ្នានេះ លោកលើកឡើងថា វត្តមាន CBC នៅកម្ពុជា បានជួយឱ្យប្រជាពលរដ្ឋកម្ពុជាមានលទ្ធភាព នៅក្នុងការទទួលបាននូវឥណទានកាន់តែល្អប្រសើរជាងមុន ពោលគឺធ្លាក់ចុះពីចំណាត់ថ្នាក់ទី១០០ មកដល់ចំណាត់លេខ៧ នៅក្នុងពិភពលោក៕

សូមទស្សនាការលើកឡើងរបស់លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC: