(ហ្សាការតា)៖ ក្រសួងវិនិយោគឥណ្ឌូណេស៊ីបានឱ្យដឹងនៅថ្ងៃពុធថា ឥណ្ឌូនេស៊ីបានកត់ត្រាការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបចំនួន ៧៤៤ពាន់ពាន់លានរូពៀ (៤៧,៣៤ពាន់លានដុល្លារ) កាលពីឆ្នាំមុន កើនឡើង ១៣,៧ភាគរយធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា កំណើន FDI នៅក្នុងត្រីមាសទី៤ បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ៥,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណដែលត្រីមាសទី៣ សម្រេចបានកំណើន ១៦,២ភាគរយ។ FDI សរុបក្នុងអំឡុងខែតុលាដល់ខែធ្នូមានចំនួនទំហំ ១៨៤,៤ពាន់ពាន់លានរូពៀ។ នេះបើយោងតាមរ៉យទ័រ។

ទិន្នន័យរបស់ក្រសួងមិនរាប់បញ្ចូលការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ និងប្រេងនិងឧស្ម័ននោះទេ ហើយការវិនិយោគនេះត្រូវបានរាយការណ៍ជាប្រាក់រូពៀដែលជារូបិយប័ណ្ណជាតិរបស់ឥណ្ឌូណេស៊ី។

ឥណ្ឌូណេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍បានឃើញកំណើន FDI ដ៏រឹងមាំបន្ទាប់ពីជំងឺរាតត្បាត ជាពិសេសនៅពេលដែលការវិនិយោគនៅក្នុងឧស្សាហកម្មកែច្នៃនីកែលរបស់ខ្លួនកំពុងរីកចម្រើន។

ឧស្សាហកម្មលោហធាតុជាមូលដ្ឋានបានទទួល FDI ច្រើនជាងគេកាលពីឆ្នាំមុនដែលលមានទឹកប្រាក់ ១១,៨ពាន់លានដុល្លារ ខណៈដែលការវិនិយោគលើការជីកយករ៉ែស្ថិតនៅលំដាប់ទី៤ ដែលមានទឹកប្រាក់វិនិយោគចំនួន ៤,៧ពាន់លានដុល្លារ។

វិស័យផ្សេងទៀតដែលទទួលបានអត្ថប្រយោជន៍ពី FDI រួមមាន ឃ្លាំងស្តុកទំនិញ និងទូរគមនាគមន៍ ឱសថ និងម្សៅ និងក្រដាស។ ប្រទេសសិង្ហបុរី ចិន និងហុងកុង គឺជាប្រភព FDI ធំបំផុតក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕