(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់ការកំណត់ឋានៈវៀតណាមថាជា "សេដ្ឋកិច្ចមិនមែនទីផ្សារ" ដោយព្រមានថា ការរក្សាការដកហូតពន្ធដោយផ្អែកលើថ្នាក់នេះមានភាពអាក្រក់ខ្លាំងសម្រាប់ការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កាលពីឆ្នាំមុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនកំពុងពិនិត្យមើលឋានៈសេដ្ឋកិច្ចមិនមែនទីផ្សាររបស់វៀតណាមបន្ទាប់ពីទីក្រុងហាណូយបានប្រកែកថា ឋានៈនេះគួរតែត្រូវបានដកចេញពីបញ្ជីដែលប្រើប្រាស់សម្រាប់ការដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃដោយសារកំណែទម្រង់សេដ្ឋកិច្ចដែលវៀតណាមបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ឋានៈជាសេដ្ឋកិច្ចមិនមែនទីផ្សារដែលត្រូវបានអនុវត្តផងដែរចំពោះប្រទេសចិន និងរុស្ស៊ី ដោយសារតែការជាប់ពាក់ព័ន្ធយ៉ាងខ្លាំងរបស់រដ្ឋនៅក្នុងសេដ្ឋកិច្ចរបស់ពួកគេ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃកាន់តែខ្ពស់លើការនាំចូលទំនិញពីប្រទេសដែលបានមានឋានៈនេះ។
ស្ថិតក្រោមច្បាប់របស់សហរដ្ឋអាមេរិក ការពិនិត្យមើលឋានៈនេះឡើងវិញដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែតុលា ត្រូវបញ្ចប់ក្នុងរយៈពេល ២៧០ថ្ងៃ ពោលគឺប្រហែលនៅពាក់កណ្តាលខែកក្កដា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dzung បានប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលជាស្ថាប័នសិក្សាស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា៖ «ពិតណាស់ យើងចង់ឱ្យវៀតណាមត្រូវបានដកចេញពីបញ្ជីប្រទេសមិនមែនទីផ្សាររបស់សហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា វៀតណាមលែងសាកសមក្នុងការផ្តល់ឋានៈមួយដែលអនុវត្តចំពោះតែប្រទេសចំនួន១២ក្នុងពិភពលោកទៀតហើយ។
លោកមានប្រសាសន៍ថា៖ «តើអ្នកអាចស្រមៃបានទេ ជាមួយនឹងអ្វីដែលយើងបានធ្វើ អ្វីដែលយើងបានព្យាយាម ហើយក្រឡេកមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តើអាចទទួលយកបានទេថា វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង១២ ដែលជាប្រទេសអាក្រក់បំផុតក្នុងពិភពលោក?»
លោក Dzung បានបន្ថែមថា៖ «ដូច្នេះ វាមិនអាចទទួលយកបានទេ។ ដូច្នេះខ្ញុំគិតថា ប្រសិនបើក្រសួងពាណិជ្ជកម្មអាមេរិកបដិសេធដកចេញ ខ្ញុំគិតថា វានឹងអាក្រក់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ»
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកនិងវៀតណាមបានលើកកម្ពស់ទំនាក់ទំនងទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយរបស់ប្រធានាធិបតី ចូ បៃឌិន។ ហើយកាលពីឆ្នាំមុនផងដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកគឺអ្នកស្រី Janet Yellen បញ្ចប់ឋានៈនេះចំពោះវៀតណាមផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕