(ភ្នំពេញ)៖ គិតមកដល់ដើមឆ្នាំ២០២៤នេះ មានប្រទេសចំនួន១១ បានអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយគ្នា ខណៈអគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យ និងសម្រេចដើម្បីឱ្យក្រុមហ៊ុន សហគ្រាស​​ប្រមាណជាង៤០០ ​ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

យោងតាមអគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ៩ រួមមាន ថៃ សិង្ហបុរី ព្រុយណេ ចិន វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង កូរ៉េខាងត្បូង ខណៈ DTA ជាមួយ ម៉ាកាវ និងតួកគី បានចូលជាធរមាននិងមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នំា២០២៤​។

​អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យ និងសម្រេចលើករណីស្នើសុំរបស់សហគ្រាសចំនួន ៤៥១ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកិច្ច ព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត
របស់អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​​បានបន្តជំរុញ​ដល់អគ្គនាយកដ្ឋានពន្ធដាររៀបចំ ចរចា និងពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀង ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា (DTA) ជាមួយបណ្ដាប្រទេសនានាផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) គឺជាការលើកទឹកចិត្តដល់អ្នក ដែលមកវិនិយោគនៅកម្ពុជា ​ពោលគឺបន្ទាប់ពីពួកគេទទួលបានប្រាក់ចំណេញ ពីការវិនិយោគនៅកម្ពុជា គឺបង់ពន្ធតែ១០%ប៉ុណ្ណោះនៅកម្ពុជា ហើយមិនតម្រូវឱ្យបង់នៅប្រទេសដើមរបស់ខ្លួនទៀតឡើយ ដែលនេះគឺជាចំណុចសំខាន់មួយ ក្នុងការទាក់ទាញវិនិយោគិនមកកម្ពុជា។

លោកបានពន្យល់បន្ថែមថា ភាគច្រើនការអនុវត្ត DTA គឺសំដៅទៅលើពន្ធប្រាក់ចំណេញនៃក្រុមហ៊ុន មកពីបណ្តាប្រទេសនានា ដែលមកវិនិយោគនៅប្រទេសកម្ពុជា ដែលកន្លងពួកគេទាមទារឱ្យរដ្ឋាភិបាល និងរដ្ឋាបាលមានកិច្ចព្រមព្រៀង មិនយកពន្ធត្រួតស៊ីគ្នានេះ។

លោកបានពន្យល់យ៉ាងដូច្នេះថា «ប្រទេសដែលមិនទាន់មានកិច្ចព្រមព្រៀងនេះ គឺគាត់ត្រូវបង់ពន្ធលើប្រាក់ចំណេញដែលត្រូវវេរចេញ វេរចូលពីស្រុកយើងទៅស្រុកគាត់ គឺត្រូវបង់១៤%។ បើប្រទេសមានកិច្ចព្រមព្រៀង គឺបង់តែ១០%ទេ ហើយបើបង់នៅកម្ពុជារួចហើយ គឺមិនចាំបាច់បង់នៅប្រទេសគាត់ទៀតទេ»