(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថានៅឆ្នាំ២០២៣ ចំណូលពន្ធពីប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ប្រមូលបានចំនួន ៣០៥.៨៤ប៊ីលានរៀល ប្រមាណជា ៧៥.៥១លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «សហគ្រាសបានចុះបញ្ជីអាករ លើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) មានចំនួន៨៤សហគ្រាស ប្រមូលចំណូលបានចំនួន ៣០៥.៨៤ ប៊ីលានរៀល ស្មើនឹង ៧៥.៥១ លានដុល្លារ»

សូមជម្រាបថា ការប្រមូលអាករលើតម្លៃបន្ថែម ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) បានក្លាយជាប្រភពចំណូលថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២២មក។

ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បានមកចុះបញ្ជី និងបំពេញកាតព្វកិច្ចសារពើពន្ធនៅកម្ពុជា រួមជាអាទិ៍ ក្រុមហ៊ុន Microsoft, Google, Facebook (Meta), Apple, Netflix, Amazon និង Tik Tok ជាដើម៕