(គូឡាឡាំពួ)៖ ម៉ាឡេស៊ីកំពុងពិចារណាចាប់ផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹងធនាគារបរទេសដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយនៅមូលនិធិ 1Malaysia Development Berhad (1MDB)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា លោក Johari Abdul Ghani ដែលជាប្រធានក្រុមការងារស្តារទ្រព្យសម្បត្តិរបស់មូលនិធិ 1MDB កាលពីថ្ងៃអង្គារមិនបានកំណត់អត្តសញ្ញាណធនាគារបរទេសណាមួយនោះទេ ប៉ុន្តែលោកបានថ្លែងថា ធនាគារទាំងនោះមិនបានធ្វើការត្រួតពិនិត្យត្រឹមត្រូវមុនពេលសម្របសម្រួលការផ្ទេរមូលនិធិដែលទាក់ទងនឹងមូលនិធិរដ្ឋ 1MDB ។

ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកប៉ាន់ស្មានថា ទឹកប្រាក់ចំនួន ៤,៥ពាន់លានដុល្លារត្រូវបានលួចផ្ទេរចេញពីមូលនិធិ 1MDB ដែលមានការជាប់ពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បុគ្គលិកក្រុមហ៊ុន Goldman Sachs និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

នៅឆ្នាំ២០២១ ម៉ាឡេស៊ីបានប្តឹងអង្គភាពអាជីវកម្មនានាមកពីធនាគារ Deutsche Bank ធនាគារ JP Morgan និងក្រុមហ៊ុន Coutts & Co ដើម្បីទាមទារយកមកវិញនូវការខាតបង់រាប់ពាន់លានដុល្លារពីមូលនិធិនេះ ទោះបីជាសំណុំរឿងមិនទាន់ដំណើរការនៅក្នុងតុលាការក៏ដោយ។

លោក Johari បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ក្រុមការងាររបស់មូលនិធិ 1MDB មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហា 1MDB ប្រកបដោយតម្លាភាព និងឱ្យភាគីទាំងអស់ទទួលខុសត្រូវ»

ក្រុមហ៊ុន Goldman Sachs កាលពីឆ្នាំ២០២០ បានយល់ព្រមបង់ប្រាក់ចំនួន ៣,៩ពាន់លានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេតបទឧក្រិដ្ឋរបស់ប្រទេសម៉ាឡេស៊ីជុំវិញតួនាទីរបស់ខ្លួននៅក្នុងរឿងអាស្រូវនេះ។

ប៉ុន្តែឥឡូវនេះ ភាគីទាំងពីរមានការខ្វែងគំនិតគ្នាចំពោះដំណោះស្រាយនេះ ដែលចែងថា ក្រុមហ៊ុន Goldman គួរតែបង់ប្រាក់បណ្តោះអាសន្ន ប្រសិនបើម៉ាឡេស៊ីមិនទទួលបានប្រាក់យ៉ាងហោចណាស់ចំនួន ៥០០លានដុល្លារពីក្រុមហ៊ុននៅត្រឹមខែសីហា ឆ្នាំ២០២២។

ក្រុមហ៊ុន Goldman បានប្តឹងរដ្ឋាភិបាលម៉ាឡេស៊ីនៅកាន់តុលាការអង់គ្លេសកាលពីខែតុលាឆ្នាំមុនពីបទរំលោភលើកាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕